Thursday, May 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃ.../ខ្នោះមេខ្លោងគ្រឿងញៀន២នាក់ ដកហូតថ្នាំញៀន១០០កញ្ចប់

វ៉ៃ…/ខ្នោះមេខ្លោងគ្រឿងញៀន២នាក់ ដកហូតថ្នាំញៀន១០០កញ្ចប់

ខេត្តកំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីលោកទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ស្ថិតនៅចំណុចផ្លូវលំ ភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង ចាត់ការតាមច្បាប់។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន បានបញ្ជាកប្រាប់កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ថា ជនសង្ស័យទី១ ដែលកម្លាំងជំនាញបានឃាត់ខ្លួន មានឈ្មោះឈឹម លាន់ ភេទប្រុស អាយុ២៤ឆ្នាំ មានលំនៅ ភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច។ ក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានចាប់យកវត្ថុតាង រួមមាន ម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀន ចំនួន៧កញ្ចប់ (ទម្ងន់ ១,៧៣ក្រាម) ម៉ូតូ ចំនួន ១គ្រឿង ទូរស្ទ័ព ចំនួន១គ្រឿង ដែកឆាបចំនួន១ដើម កាំបិតចុងស្រួច ចំនួន១ដើម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួន។

យោងតាមចម្លើយសារភាពរបស់ឈ្មោះឈឹម លាន់ កម្លាំងជំនាញអាវុធហត្ថខេត្ត សហការបន្តជាមួយអាវុធហត្ថមូលដ្ឋានស្រុកភ្នំស្រួច បានបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងឡោមព័ទ្ធផ្ទះជនសង្ស័យ ឃាត់ខ្លួនបុរសម្នាក់ ឈ្មោះអ៊ុយ សាវុធ ភេទប្រុស អាយុ៤៥ឆ្នាំ ក្នុងភូមិជាមួយគ្នា ដែលជាមេខ្លោងចែកចាយនិងជួញដូរគ្រឿងញៀន ប្រចាំមូលដ្ឋាន។ ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងជំនាញបានប្រមូលនិងចាប់យកវត្ថុតាងមួយចំនួន រួមមមាន ម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀន ចំនួន៩៣កញ្ចប់ (ទម្ងន់ ២៣,៤ក្រាម) និងទូរស្ទ័ព ១គ្រឿង។

លោកម៉េង ស៊្រុន បានបញ្ជាក់ថា ក្រោយបញ្ចប់ប្រតិបត្តិការនិងសាកសួរចម្លើយដើម្បីកសាងសំណុំរឿង កម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជូនខ្លួនជនសង្ស័យទាំង២នាក់ និងគ្រឿងញៀន ចំនួន ១០០កញ្ចប់ ព្រមទាំងវត្ថុតាងផ្សេង ទៀតទៅកាន់សាលាដំបូង នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES