តំបន់កាហ្សា៖ អ្នកនាំពាក្យក្រុមចលនាអ៊ីស្លាមហាម៉ាសបានព្រមានអ៊ីស្រាអែលនៅថ្ងៃអង្គារនេះថាប្រសិនជាប្រទេសនេះនៅតែវាយប្រហារលើតំបន់កាហ្សាស្ត្រីបជាថ្មីម្តងទៀត ដែលស្ថិតក្នុងដែនដីខ្លួនត្រួតត្រា កម្លាំងសកម្មប្រយុទ្ធនៅកាហ្សានឹងវាយបកវិញភ្លាម ។
លោក Abu Obeida មន្ត្រីនាំពាក្យរបស់ក្រុមហាម៉ាសបានថ្លែងនៅលើគណនី Twitter របស់លោកថា សត្រូវយល់បានត្រឹមតែភាសារបស់កងកម្លាំងយើងតែប៉ុណ្ណោះហើយការរក្សាភាពស្ងប់ស្ងៀមនឹងនាំឲ្យមានការយល់ខុសថាកម្លាំងយើងខ្សោយ ។
ម្យ៉ាងវិញទៀតការឈ្លានពានណាមួយនៅពេលខាងមុខនេះដែលកើតឡើងស្រដៀងគ្នានឹងអ្វីដែលធ្លាប់បានកើតកាលពីថ្ងៃច័ន្ទ កងកម្លាំងប្រដាប់អាវុធដែលតស៊ូក្នុងតំបន់កាហ្សាដឹកនាំដោយកងពលតូចរបស់ក្រុម al-Qassam Brigades និងកម្លាំងប្រដាប់អាវុធហាម៉ាស នឹងនិយាយពាក្យចុងក្រោយថាពួកគេនឹងបន្តស៊ូស្លាប់នៅទីនោះ ។ ប្រសិនជាកងកម្លាំងទាំងនោះសន្យាបែបនេះហើយ ពួកគេនឹងធ្វើវាឲ្យបានហើយនៅថ្ងៃខាងមុខក៏នឹងបង្ហាញឲ្យឃើញដែរ ។
កាលពីថ្ងៃច័ន្ទយន្តហោះចម្បាំងអ៊ីស្រាអែលបានបើកការវាយប្រហារពីដែនអាកាសមកលើបន្ទាយនិងទីតាំងមួយចំនួនដែលជាកម្មសិទ្ធិរបស់ក្រុមសកម្មប្រយុទ្ធកាហ្សាផ្អែក តាមរយៈការវាយប្រហារដោយគ្រាប់រុក្កែតរបស់ក្រុមហាម៉ាសចេញពីកាហ្សាស្ត្រីបផ្លោងចូលទឹកដីអ៊ីស្រាអែល តែពុំមានអ្នករងរបួសឡើយ។
ចំណែកការវាយប្រហារដោយមីស៊ីលពីយន្តហោះចម្បាំងអ៊ីស្រាអែលមកលើបន្ទាយនិងទីតាំងក្រុមហាម៉ាសបានបណ្តាលឲ្យជនជាតិប៉ាឡេស្ទីនពីរនាក់រងរបួសនិងខូចខាតធ្ងន់ធ្ងរ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា