ភ្នំពេញៈ បុរសម្នាក់ បានរថយន្តកូរ៉េដឹកទឹកកក១គ្រឿង ទាំងស្ថានភាពងោកងុយ លុះងោក១ភាំង ធ្វើឱ្យចង្កូតទៅបុក សួនពុះចែកទ្រូងផ្លូវ និងបុកស្លាកប៉ាណូបាក់អស់១ផ្ទាំង ចំណែករថយន្តបង្កបានក្រឡាប់ផ្ងារជើងម្ខាង សំ ណាងល្អមិនបង្កឱ្យមនុស្សណាម្នាក់ រងគ្រោះ ថ្នាក់ឡើយ។

ហេតុការណ៍ខាងលើ បានកើតឡើង កាលពីវេលាម៉ោង៣និង៥៦នាទីទៀបភ្លឺ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ ហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េដឹកទឹកកក១គ្រឿង ពណ៌ទឹកខៀវ ពាក់ស្លាកលេខ ភ្នំពេញ ២ពូ-៤៣៩១ បើកបរតាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែ អ្នកបើកបរងោកមួយភាំង ធ្វើឱ្យរេចង្កូតរថយន្តជ្រុលទៅបុកសួនពុះចែកទ្រូងផ្លូវ និងស្លាកប៉ាណូអស់មួយផ្ទាំង រួចចក្រឡាប់ផ្ងារជើងម្ខាងតែម្តង បណ្តាលឱ្យរងការខូចខាតយ៉ាង ដំណំ តែសំណាងល្អមិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងនាំ ម្ចាស់រថយន្ត ព្រមទាំងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយ តាមនីតិវិធី៕