Friday, May 23, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស៊ីដាច់លុយថៅកែជាង៤ពាន់ដុល្លារ ជាប់ខ្នោះ

ស៊ីដាច់លុយថៅកែជាង៤ពាន់ដុល្លារ ជាប់ខ្នោះ

ខេត្តកណ្តាលៈ បុរសជាបុគ្គលិកក្រុមហ៊ុនម្នាក់ត្រូវបានម្ចាស់ក្រុមហ៊ុនប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនករណីរំលោភលើទំនុកចិត្ត ក្រោយពីជន សង្ស័យរូបនេះ បានយកលុយរបស់ក្រុមហ៊ុនចាយអស់ជាង៤ពាន់ដុល្លារ។

ការឃាត់ខ្លួនជនសង្ស័យខាងលើ បានធ្វើឡើងកាលពីវេលាម៉ោង៨ និង១០នាទីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០​២៥ នៅចំណុច ភូមិឆ្មារពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះក្លូ លាភ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកផ្នែកលក់ នៅក្រុមហ៊ុនលក់ ម៉ូទ័រមួយកន្លែង រស់នៅភូមិជ្រោយស្នោ ឃុំព្រែកជ្រៃ ស្រុកកោះធំ។ ចំណែកជនរងគ្រោះ មានឈ្មោះឃ្លាំង សារឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរថៅកែក្រុមហ៊ុនលក់ម៉ូទ័រ រស់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ចំពោះសម្ភារៈបាត់បង់ រួមមាន លុយចំនួន៤៦៧៩ដុល្លារ។ រីឯវត្ថុតាង ចាប់យក រួមមាន ទូរស័ព្ទ១គ្រឿង ម៉ាក ភិហៀនេ ៧ផលុស ពណ៌ខ្មៅ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ពេលជនរងគ្រោះកំពុង នៅផ្ទះ ស្ថិតនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏មានម៉ូយបានខលមកជនរងគ្រោះថា ខាងផ្នែកលក់របស់ជនរងគ្រោះម្នាក់ បានខលមកទារលុយថ្លៃម៉ូទ័រពីគាត់មុនថ្ងៃកំណត់ ព្រោះសន្យានឹងគ្នាថាត្រូវបង់មួយខែម្តង លុះដល់វេលាម៉ោង៨ និង១០នាទីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ជនរង​គ្រោះបានចេញពីផ្ទះ ហើយមកកន្លែងលក់ម៉ូទ័ររបស់ខ្លួន ដែលស្ថិតនៅក្នុងភូមិឆ្មារពួន ឃុំ ជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ពេលមកដល់ជនរងគ្រោះបានឆែកមើលបុង ដែលអតិថិជនបានកុម្មង់ទិញ បានឃើញថាលុយដែលអតិថិជនបង់មក គឺមិនចូល គណនេយ្យក្រុមហ៊ុនទេ គឺចូលក្នុងគណនេយ្យរបស់ជន​សង្ស័យ អស់រយៈពេលជាងមួយខែមកហើយ សរុបជាទឹកប្រាក់ចំនួន ៤៦៧៩ដុល្លារ។

ប្រភពដដែលបន្តថា បន្ទាប់ពីបានដឹង ជនរងគ្រោះក៏បានហៅជនសង្ស័យខាងលើមកសួរនាំ ហើយក៏បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ នគរបាលរដ្ឋបាលជើងកើប ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ជើងកើប បានចុះទៅឃាត់ខ្លួនជនសង្ស័យ នាំមកកាន់ប៉ុស្តិ៍នគរបាល ដើម្បីសួរនាំ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកលុយរបស់ក្រុមហ៊ុនទៅចាយអស់ចំនួន ៤៦៧៩ដុល្លារប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

RELATED ARTICLES