ភ្នំពេញៈ មន្ត្រីជំនាញសាខា ក.ប.ប រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យផលិតផលទំនិញនៅទីតាំងហាងលក់ទំនិញ និងផ្សារបោះដុំ ដើម្បី ធានាការពារសុខុមាលភាពប្រជាពលរដ្ឋ ចំនួន៣ទីតាំង កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងមូលដ្ឋាន ខណ្ឌ៧មករា និងខណ្ឌចំការមន។

ក្នុងប្រតិបត្តិការនោះ ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញ និងដកហូតទំនិញខូចគុណភាពចំនួន ៣,៧គីឡូក្រាម មានដូចជា ទឹកដោះគោ មីហឹរ និងនុយ យកកម្ទេចចោលផងដែរ។
បន្ថែមពីនោះមន្ត្រីជំនាញបានធ្វើការណែនាំឱ្យម្ចាស់ទីតាំងត្រូវត្រួតពិនិត្យជាប្រចាំលើផលិតផលទំនិញដែលដាក់តាំងលក់ ឱ្យបានសមស្រប តាមបទប្បញ្ញតិបច្ចេកទេសជាធរមានដើម្បីធានាថាមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់។
សូមជម្រាបជូនថា អគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម តែងតែបន្តផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូប អាហារដល់សិស្សានុសិស្ស ជាទំពាំងស្នងឬស្សី ដោយផ្តោតការយកចិត្តទុកដាក់លើការទទួលទានភេសជ្ជៈដែលមានជាតិស្ករខ្ពស់ (ផ្អែមខ្លាំង) បណ្តាលឱ្យមានហានិភ័យដល់ សុខភាព ប្រឈមនឹងជំងឺមួយចំនួននាថ្ងៃអនាគត។
ជាក់ស្តែងជារៀងរាល់ថ្ងៃ មន្ត្រីជំនាញសាខា ក.ប.ប តាមបណ្តារាជធានី-ខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្ម មន្ទីរអប់រំ យុវជន និងកីឡា និងអាជ្ញាធរដែនដី បានរៀបចំវគ្គអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង ជូនដល់ លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និងអាជីវករលក់ដូរនៅក្នុងវិទ្យាល័យ។
នៅក្នុងវគ្គអប់រំ ផ្សព្វផ្សាយនេះ មន្ត្រីជំនាញបានធ្វើការណែនាំអំពីការជ្រើសរើស ការពិនិត្យម្ហូបអាហារដែលមានសុវត្ថិភាព និងអាហា រូបត្ថម្ភ ដែលមានគុណភាពល្អសម្រាប់បរិភោគប្រចាំថ្ងៃ ព្រមទាំងបានចែកផ្ទាំងរូបភាពផ្សព្វផ្សាយ 9ភៀសតរេប អំពីសុវត្ថិភាពម្ហូបអាហារផងដែរ។
ជាងនេះទៅទៀត ដោយសង្កេតឃើញថាបច្ចុប្បន្ននេះ អត្រានៃការកើនឡើងអ្នកកើតជំងឺទឹកនោមផ្អែមមិនថាវ័យក្មេង ឬមនុស្សចាស់ មន្ត្រីជំនាញក៏បានធ្វើការណែនាំដល់សិស្សានុសិស្ស ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទទួលទាននូវភេសជ្ជៈដែលមានជាតិស្ករខ្ពស់ និងមានជាតិ ផ្អែមខ្លាំង ព្រោះបណ្តាលឱ្យកើតជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម ជាយថាហេតុ។
ទន្ទឹមនឹងនោះ មន្ត្រីជំនាញក៏បានផ្សព្វផ្សាយបន្ថែមអំពីផលលំបាក និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន្ប គ្រឿងញៀនជា គ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូល៕