ខេត្តកំពង់ស្ពឺៈ រថយន្តដឹកកម្មករ១គ្រឿង បានដឹកកម្មករសរុប៣៥នាក់ចេញពីរោងចក្រ បំណងត្រឡប់ទៅផ្ទះវិញ ស្រាប់តែពេលធ្វើ ដំណើរតាមផ្លូវ រថយន្តក៏ជួបញ្ហាបច្ចេកទេស (ដាច់រ៉ូទីល) បណ្តាលឱ្យរេចង្កូតធ្លាក់ចូលស្រែ ក្រឡាប់ទាំងកំរោល និងធ្វើឱ្យកម្មករចំនួន៥នាក់ រងរបួសធ្ងន់ស្រាល និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តដឹកកម្មករខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៨ និ១៥នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចផ្លូវលំ ភូមិអណ្តូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី។

តាមប្រភពពីមន្ត្រីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកគងពិសី ដែលបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ បានឱ្យដឹងថា មូលហេតុរថយន្តក្រឡាប់ចាក់ចោលកម្មករខាងលើនេះ បណ្តាលមកពីបច្ចេក ទេសយានយន្ត រថយន្តដាច់រ៉ូទីល។

ប្រភពដដែលបន្តថា រថយន្តដឹកកកម្មកររោងចក្រខាងលើ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ ២ៅ-៣៦៨៧ បើកបរដោយ ឈ្មោះវ៉ែន ឆឹក ភេទប្រុស អាយុ៣០ឆ្នាំ មានលំនៅភូមិព្រៃឃ្លេ ឃុំពោធិ៍ម្រាល ស្រុកបរសេដ្ឋ និងមានផ្ទុកអ្នកដំណើរសរុបចំនួន៣៥នាក់។ នៅមុន ពេលកើតហេតុ រថយន្តខាងលើ បានបើកមកពីទិសខាងលិច រួចបន្តឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុ រថយន្តស្រាប់តែ បានជួបបញ្ហាបច្ចេក ទេស ដាច់រ៉ូទីល ធ្វើឱ្យរេចង្កូតធ្លាក់ចូលស្រែ បណ្តាលឱ្យក្រឡាប់ទាំងកំរោលតែម្តង បណ្តាលឱ្យកម្មករចំនួន៥នាក់ រងរបួស ធ្ងន់ស្រាល។

ក្រោយហេតុការណ៍ ជនរងគ្រោះទាំង៥នាក់ ត្រូវបានសមត្ថកិច្ចចាត់បញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកគងពិសី ដើម្បីជួយសង្គ្រោះ និង ព្យាបាលភ្លាមៗ។ ចំណែកអ្នកបើកបររថយន្ត សមត្ថកិច្ចបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីធ្វើការសាកសួរ៕
