Saturday, May 24, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃ.../ខ្នោះ៣ ដកហូតថ្នាំញៀន៣០កញ្ចប់

វ៉ៃ…/ខ្នោះ៣ ដកហូតថ្នាំញៀន៣០កញ្ចប់

ខេត្តរតនគិរីៈ ជនសង្ស័យជាមុខសញ្ញារក្សាទុកជួញដូរនិងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ចំនួន៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ ព្រមទាំងដកហូតបានវត្ថុតាងជាក់ស្តែង ថ្នាំញៀន ចំនួន៣០កញ្ចប់។

ការបង្ក្រាបនេះ បានធ្វើឡើង កាលពីវេលាម៉ោង ២និង២៥នាទីរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចម្ការស្វាយចន្ទី ១កន្លែង ស្ថិតក្នុងភូមិកក់ ឃុំកក់ ស្រុកបរកែវ។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះរស់ រដ្ឋា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិត្រុំ ឃុំឡាមិញ ស្រុកបរកែវ។ ទី២-ឈ្មោះរម៉ាម ពឿក ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិទំពួន មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិត្រុំ ឃុំឡាមិញ ស្រុកបរកែវ និងទី៣-ឈ្មោះសាន កុយ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិថារ៉ងចង ឃុំថារ៉ងចង ស្រុកអូរជុំ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ២និង២៥នាទីរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជាផ្ទាល់ដោយលោកវរៈសេនីយ៍ឯក ជួប វណ្ណារក្ស អធិការនគរបាលស្រុកបរកែវ  និងសម្របសម្រួលដឹកនាំនិតិវិធី ដោយលោកឡុង ហុកម៉េង ព្រះរាជអាជ្ញា នៃអយ្យការអមសា លាដំបូងខេត្តរតនគិរី បានចុះធ្វើការស្រាវជ្រាវនិងកំណត់បានមុខសញ្ញាពាក់ព័ន្ធនឹងការរក្សាទុក ជួញដូរនិងប្រើប្រាស់សារធាតុញៀន ដោយខុសច្បាប់ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ បានចំនួន៣នាក់ នៅចំណុចចំការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិកក់ ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី។

ប្រភពដដែល បន្តថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ១-ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ចំនួន៣០កញ្ចប់។ ២-ទូរស័ព្ទចំនួន២គ្រឿង។ ៣-ម៉ូតូ ចំនួន២គ្រឿង។ ៤-ប្រាក់រៀល ចំនួន ៤២ ០០០រៀល។ ៥-ជញ្ជីងថ្លឹងគ្រឿងញៀន  ចំនួន១គ្រឿង និង៦-ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន។

ជនសង្ស័យទាំង៣នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញស្រុកបរកែវ កសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តរតនគិរី ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES