Thursday, May 29, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាក់ប៉ោងចាញ់អស់ លួចម៉ូតូគេ ជាប់ខ្នោះ

ចាក់ប៉ោងចាញ់អស់ លួចម៉ូតូគេ ជាប់ខ្នោះ

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ក្រោយលេងល្បែងផុងខ្លួន ចាញ់អស់គូទខោ ក៏បែកគំនិតសុំលុយមេអាប៉ោង ១ម៉ឺនរៀល ធ្វើជាសោហ៊ុយជិះតាក់ស៊ី ទៅលួចម៉ូតូគេ នៅម្តុំកៀនស្វាយ តែត្រូវម្ចាស់គេទាន់ ភ័យពេកជិះទៅបុកជញ្ជាំងសង្ក័សី បែកក្បាលហូរឈាម រួចត្រូវបានប្រជា ពលរដ្ឋចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ច យកទៅចាត់ការតាមច្បាប់។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ចំណុចភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអៀង សុខណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុក កំណើតនៅភូមិត្បូងដំរី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ ចំណែកម៉ូតូដែលជនសង្ស័យលួច ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1AF-4027 ជារបស់ជនរងគ្រោះ ឈ្មោះរិន តុងលី ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជាងម៉ូតូ មានលំនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ។

ចំពោះវត្ថុតាងចាប់យក រួមមាន ១-ម៉ូតូ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1AF-4027 (ជារបស់ជនរងគ្រោះ)។ ២-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១។ ៣-កាបូបលុយពណ៌ត្នោត ចំនួន១។ ៤-កាត ABA ចំនួន១។ ៥-កាត AMK ចំនួន១។ ៦-ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន១។ ៧-ទួរណឺវីសពណ៌លឿង-ខ្មៅ ដងជ័រ ប្រវែង១៨,៥៥សង់ទីម៉ែត្រចំនួន១។ ៨-នាមប័ណ្ណទិញ-លក់ម៉ូតូ ចំនួន១។ ៩-វិក្កយបត្រទិញ-លក់ម៉ូតូ ចំនួន២សន្លឹក និង១០-សោម៉ូតូ១ កូនសោផ្ទះ១ កូនសោបន្ទប់១។

តាមប្រភពសមត្ថកិច្ច បានឱ្យថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងជួសជុលម៉ូតូ នៅក្នុងផ្ទះ រួចបានដើរចូលក្នុងបន្ទប់ទឹក ដោយទុកសោជាប់នឹងម៉ូតូ នៅក្នុងផ្ទះ ដើម្បីទុកឱ្យប្រពន្ធរបស់ខ្លួន ជិះទៅលក់ដូរនៅក្នុងរោងចក្រសួនឧស្សាហកម្មសំរោងធំ។ ពេលចូលបន្ទប់ទឹកនោះ ក៏បានទុកឱ្យកូនប្រុសអាយុ៥ឆ្នាំ អង្គុយលើកៅអី ក្បែរម៉ូតូដែរ ស្រាប់តែជនសង្ស័យបានចុះពីរថយន្តឈ្នួលម កដើរចូលក្នុងផ្ទះ ទាញយកម៉ូតូជនរងគ្រោះ ចេញពីក្នុងផ្ទះ បានប្រហែល ៣ម៉ែត្រ ដល់ចិញ្ចើមផ្លូវ កូនជនរងគ្រោះបានស្រែកថា «ប៉ា ចោរលួចម៉ូតូ!» ទើបជនរងគ្រោះ បានរត់ចេញពីបន្ទប់ទឹក រត់ដេញតាមចាប់ជនសង្ស័យ។ ចំណែកជនសង្ស័យភ័យ ជិះរត់ទៅបុកជញ្ជាំងសង្ក័សី បែកក្បាលហូរឈាម ហើយក៏ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះ ចាប់ក្របួចជាប់ភ្លាមៗ រួចរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកអន្តរាគមន៍តែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនបានជិះរថយន្តឈ្នួលចេញពីផ្ទះ សំដៅមកលេងល្បែងជល់មាន់អនឡាញ និងលេងអាប៉ោង នៅម្តុំផ្សារច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពេលចាញ់អស់ប្រាក់ ខ្លួនបែបគំនិតលួចម៉ូតូគេ។ បន្ទាប់មកខ្លួនបានសុំប្រាក់មេអាប៉ោង ចំនួន១ម៉ឺនរៀល ជិះរថយន្តឈ្នួល មកតាមផ្លូវជាតិលេខ១។ លុះដល់ចំណុចម្តុំការ៉ាស់សាំងលីមឡុង ស្ថិតក្នុងឃុំសំរោងធំ ខ្លួនបានឱ្យគេឈប់ឡាន រួចចុះដើរតាមចិញ្ចើមផ្លូវជាតិលេខ១ មកភ្នំពេញ ក្នុងគោលបំណងដើរសម្លឹងមើលម៉ូតូរបស់ប្រជាពលរដ្ឋ ណាទុកប្រហែស ដើម្បីនឹងលួចយកតែម្តង។

ជនសង្ស័យបានសារភាពបន្តថា លុះពេលដើរដល់ចំណុចផ្ទះកើតហេតុ ខ្លួនបានឃើញម៉ូតូ ១គ្រឿង មានសោ ជាប់ម៉ូតូ ក៏បានធ្វើសកម្មភាពលួចយកម៉ូតូ តែត្រូវម្ចាស់ម៉ូតូតាមទាន់ ក៏បើកម៉ូតូរត់គេចទៅបុកជញ្ជាំងសង្ក័សី បណ្តាលឱ្យបែកក្បាល ចេញឈាម ភ្លាមនោះប្រជាពលរដ្ឋដែលនៅក្បែរនោះ បានឃាត់ខ្លួន ប្រគល់ឱ្យសមត្ថ កិច្ចតែម្តង។

 ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES