Thursday, May 29, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទិញស៊ីមកាត១០០០ ទុកបោកលុយតាមអនឡាញ ជា---/ប់ខ្នោះ

ទិញស៊ីមកាត១០០០ ទុកបោកលុយតាមអនឡាញ ជា—/ប់ខ្នោះ

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានចាប់ខ្លួនពីបទបោកតាមអនឡាញ បន្ទាប់ពីជននោះបានទិញស៊ីមកាត រហូតដល់១០០០ ដើម្បីធ្វើការបោកប្រាស់លុយគេ តាមបណ្តាញសង្គម។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ថា សមត្ថកិច្ចជំនាញ បានបើកការស្រាវជ្រាវករណីលួចគ្រប់គ្រងគណនីហ្វេសប៊ុក និងបានបន្លំខ្លួនជាម្ចាស់គណនីផ្ញើសារទំនាក់ទំនងទៅបងប្អូនម្ចាស់គណនី ដើម្បីខ្ចីប្រាក់ ព្រមទាំងព្យាយាមទាក់ទងទៅសាច់ញាតិជនរងគ្រោះដទៃទៀត។

ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជន សង្ស័យ ១រូប ឈ្មោះ ល.ស.ហ ភេទប្រុស។ តាមការស្រាវជ្រាវ ជំនាញកំណត់បានថា ជនសង្ស័យពិតជាបានទទួលប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ ហើយធ្វើការផ្ទេរប្រាក់បន្តទៅជនមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ តាមបញ្ជារបស់ជននោះ ដោយទទួលបាននូវផលកម្រៃអំពើឆបោកប្រាក់ខាងលើ។

ទន្ទឹមនឹងនេះ ជនសង្ស័យខាងលើ ក៏ត្រូវបានរកឃើញថា ជាអ្នកធ្វើសកម្មភាពក្លែងអត្តសញ្ញាណប័ណ្ណអ្នកដទៃ ធ្វើការទិញស៊ីមកាត បានប្រហែល ១០០០ស៊ីមកាត កាលពីឆ្នាំ២០២២ ដើម្បីយកទៅឱ្យជនអនាមិក ប្រព្រឹត្តបទល្មើសផ្សេងៗ។

ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាន កសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកដល់សាធារណជន មេត្តាប្រុងប្រយ័ត្ន មុននឹងធ្វើការផ្ទេរប្រាក់ទៅកាន់គណនីធនាគារណាមួយ សូមពិនិត្យឱ្យបានជាក់លាក់នូវគណនីធនាគារអ្នកទទួល និងធ្វើការបញ្ជាក់ពីម្ចាស់គណនីទទួលប្រាក់ផងដែរ ចៀសវាងការខាតបង់ផលប្រយោជន៍ផ្សេងៗដោយប្រការណាមួយ ។

ម៉្យាងវិញទៀត សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការទទួលប្រាក់ដែលផ្ទេរចូលដោយគ្មានប្រភពច្បាស់លាស់ ដែលអាចក្លាយខ្លួនជាអ្នកសមគំនិតក្នុងការទទួលផលនៃបទល្មើស៕

RELATED ARTICLES