ខេត្តកំពង់ស្ពឺ ៖ ត្រីតូចធំ បានពុលអណ្តែតពេញស្ទឹងព្រែកត្នោត មុខវិមានឯករាជ ក្នុងក្រុងច្បារមន ទីរួមខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់ បានឱ្យដឹងថា បន្ទាប់ពីឮថា មានត្រីតូចធំ ពុល ងើបហែលពេញទឹកស្ទឹងព្រែកត្នោត ពួកគាត់ក៏ប្រញាប់នាំគ្នាមកមើល ក៏ឃើញថាពិតជាមានត្រីតូចធំ បានពុល ងើបឡើងហែលនៅលើទឹក ក៏នាំគ្នាចុះចាប់ ដោយខ្លះមានដំបងចាំវាយ ខ្លះទៀតមានមង ខ្លះទៀតមានស្ន និងខ្លះទៀតមានកន្ត្រង ចាំដងយកត្រី ហើយក៏ផ្អើលមនុស្សច្រើនកុះករ ម្នាក់ៗរកបានត្រីបន្តិចបន្តួច គ្រាន់បានធ្វើម្ហូបដែរ។

ប្រជាពលរដ្ឋ បានបន្តថា ករណីត្រីពុលនេះ ទើបតែមាននៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ និងសង្ស័យមានទឹកស្វាយដែលគេបង្ហូរចេញពីរោងចក្រ ឬក្រុមហ៊ុន ចូលមកក្នុងស្ទឹងព្រែកត្នោត ទើបបានជាត្រីពុលបែបនេះ ព្រោះកាលពីប៉ុន្មានឆ្នាំមុន ស្ទឹងព្រែកត្នោត នៅមុខសួនសម្តេចព្រះសង្ឃរាជ ជួន ណាត ក៏ធ្លាប់ពុលដែរ រាល់ពេលធ្លាក់ភ្លៀងម្តងៗ ក្រុមហ៊ុន និងរោងចក្រកែច្នៃស្វាយ តែងបង្ហូរសំណល់រាវចូលស្ទឹង ទើបបណ្តាលឱ្យត្រីពុល។
ប្រជាពលរដ្ឋម្នាក់ទៀត បានលើកឡើងថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅម្តុំវត្តតោងហោង ក្នុងឃុំតាំងសំរោង ស្រុកភ្នំស្រួច និងម្តុំស្ពានជប៉ុន ក្នុងភូមិពាមឃ្លៃ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក៏មានត្រីពុល ក្នុងស្ទឹងព្រែកត្នោត ដែរ។

ពាក់ព័ន្ធនឹងករណីត្រីពុល ក្នុងស្ទឹងព្រែកត្នោត ផ្អើលដល់ប្រជាពលរដ្ឋនេះ មិនទាន់មានអាជ្ញាធរ និងជំនាញខេត្តកំពង់ស្ពឺ បញ្ជាក់ថាមកពីមូលហេតុអ្វីឱ្យច្បាស់លាស់នៅឡើយទេ៕