Friday, May 30, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទាហានកម្ពុជា-ថៃ ប៉ះទង្គិចគ្នានៅព្រំដែន ថៃ ផ្ទុះអាវុធមុន កងទ័ពកម្ពុជា ស្លា---/ប់១

ទាហានកម្ពុជា-ថៃ ប៉ះទង្គិចគ្នានៅព្រំដែន ថៃ ផ្ទុះអាវុធមុន កងទ័ពកម្ពុជា ស្លា—/ប់១

ខេត្តព្រះវិហារ ៖ ទាហានកម្ពុជា និងថៃ បានប៉ះទង្គិចគ្នានៅព្រំដែន ដោយភាគីថៃ បានចោទកម្ពុជា ថាបានផ្ទុះអាវុធមុន ប៉ុន្តែខាងក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានថា ការប៉ះទង្គិចគ្នាដោយអាវុធនេះ ភាគីថៃ បានផ្ទុះអាវុធមុន ដោយបាញ់ប្រហារមកលើលេណដ្ឋានដែលកងទ័ពកម្ពុជាឈរជើង បណ្តាលឱ្យកងទ័ពកម្ពុជា ម្នាក់ បាត់បង់ជីវិត ។

 យោងតាមទីភ្នាក់ងារសារព័ត៌មាន AP និងបណ្ដាញសារព័ត៌មានរបស់ថៃ បានរាយការណ៍នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ថា កាលពីវេលាទៀបភ្លឺ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ទាហានកម្ពុជា និងថៃ បានបើកការបាញ់ប្រហារគ្នា ក្នុងរយៈពេលខ្លី ប្រមាណ ១០នាទី ស្ថិតនៅក្នុងតំបន់ព្រំដែនចុងបូក ខេត្តឧប៊ុនរាជថានី ប្រទេសថៃ ជាប់នឹងខេត្តព្រះវិហារ ចំណុចំបក់ ភូមិមរកត ស្រុកជាំក្សាន្ត របស់កម្ពុជា ។

 មូលហេតុនៃការផ្ទុះអាវុធនេះ នៅក្នុងសេចក្ដីថ្លែងការណ៍ពីភាគីថៃ បានចោទប្រកាន់ថា ទាហានកម្ពុជា បានចូលទៅក្នុងតំបន់ព្រំដែនមានជម្លោះ ហើយទាហានរបស់ខ្លួន បានចូលទៅចរចា និងហាមឃាត់ ប៉ុន្តែទាហានកម្ពុជា បានបើកការបាញ់ប្រហារ ដែលបណ្ដាលឱ្យទាហានថៃ ត្រូវបាញ់តបត ដើម្បីការពារខ្លួនវិញ។

ឧត្តមសេនីយ៍ទោ វីនថៃ ស៊ុវ៉ារី អ្នកនាំពាក្យកងទ័ពថៃ បានបញ្ជាក់ថា ពួកគេបានទទួលរបាយការណ៍ពីកម្លាំងសុរណារី អំពីការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃ ខេត្តឧប៊ុនរាជថានី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង 5:30នាទីព្រឹក ដោយក្រុមការងារចំពោះកិច្ចទី១ បានទទួលសេចក្តីរាយការណ៍ថា មានកងទ័ពកម្ពុជា បានដាក់ពង្រាយកម្លាំងនៅក្នុងតំបន់ដែលបានទាមទារសិទ្ធិ ដែលមិនស្របតាមកិច្ចព្រមព្រៀងនោះ ភាគីថៃ បានរៀបចំក្រុមសម្របសម្រួល ដើម្បីធ្វើការចរចាគ្នា តាមការអនុវត្តដែលបានធ្វើកន្លងមក។ នៅពេលទៅដល់តំបន់នោះ កម្លាំងយោធាកម្ពុជា មានការយល់ច្រឡំ ហើយចាប់ផ្ដើមផ្ទុះអាវុធ ទើបភាគីថៃ បានប្រើអាវុធដើម្បីតបត ដោយចំណាយពេលប្រហែល ១០នាទី។

 ដោយឡែក អ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជា លោក ម៉ៅ ផល្លា បាននិយាយថា ទាហានកម្ពុជា កំពុងដើរ ត្បាតតាមទម្លាប់ នៅតាមព្រំដែន ត្រូវទាហានថៃ បើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជា ពោលគឺភាគីថៃ ជាអ្នកផ្ទុះអាវុធមុន ទើបកម្ពុជា ប្រើសិទ្ធិតបត ។

 ទោះយ៉ាងណា ក្រោយប៉ះទង្គិចគ្នាអស់រយៈពេល១០នាទី មេបញ្ជាការកងទ័ពប្រចាំតំបន់ប្រទេសទាំងពីរ បានជួបនិយាយគ្នាតាមទូរស័ព្ទ បញ្ជាឱ្យមានបទឈប់បាញ់គ្នាសិន នៅព្រឹកថ្ងៃដដែលនោះ ។

រដ្ឋមន្ត្រីការពារជាតិថៃ លោក ភូមិថាំ វេឆាយ៉ាឆៃ (Phumtham Wechayachai) បាននិយាយថា ភាពតានតឹង ត្រូវបានដោះស្រាយ ហើយបញ្ជាក់ថា កងទ័ពប្រទេសទាំងពីរ គ្មានចេតនាចង់បាញ់ប្រហារគ្នានោះទេ។

 នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា  បានចេញសេច ក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា ទាហានថៃ បានបាញ់ប្រហារមុន មកលើលេណដ្ឋានរបស់កងទ័ពកម្ពុជា បណ្តាលឱ្យទ័ពកម្ពុជា ម្នាក់ បាត់បង់ជីវិត ។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិកម្ពុជា ចុះថ្ងៃពុធ ២កើត ខែជេស្ឋ  ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងថា «ក្រសួងការពារជាតិ មានកិត្តិយសជម្រាបជូនសាធារណជន មេត្តាជ្រាបថា ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃ បានធ្វើការបាញ់ប្រហារមុន មកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពយើងម្នាក់ ។ ការប៉ះទង្គិចគ្នានេះ មិនមែនជាជម្រើសដែលកម្ពុជា ចង់បាននោះទេ ហើយយើងនឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក្នុងការធ្វើឱ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញ ឱ្យបានឆាប់រហ័ស និងបង្ការកុំឱ្យស្ថានភាពនេះកើតឡើងសាជាថ្មីម្តងទៀត។

កម្ពុជា ប្រកាន់ខ្ជាប់នូវមធ្យោបាយការទូត និងការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រមទាំងការរក្សាព្រំដែនរបស់ខ្លួនជាមួយប្រទេសជិតខាង ជាព្រំដែនសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ កម្ពុជា ប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដី ទោះក្នុងតម្លៃណាក៏ដោយ។

ក្នុងន័យនេះ ក្រសួងការពារជាតិ សូមអំពាវនាវឱ្យសាធារណជនទាំងអស់ មេត្តាកុំជឿ និងផ្សព្វផ្សាយនៅតាមបណ្តាញទំនាក់ទំនងសង្គម នូវព័ត៌មានមិនពិត ដែលអាចរុញច្រានស្ថានការណ៍នៅតាមបណ្តោយព្រំដែន ឱ្យមានអស្ថិរភាពនិងអសន្តិសុខ ព្រមទាំងបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរបស់កងទ័ព ការប្រព្រឹត្តទៅនៃជីវភាពធម្មតារបស់ប្រជាពលរដ្ឋ ក៏ដូចជារបស់ប្រទេសជាតិទាំងសងខាង។ ក្រសួងការពារជាតិ ក៏សូមស្នើឱ្យសាធារណជនទាំងអស់ ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ និងផ្លូវការ ជាពិសេសការប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ»។

ចំពោះលទ្ធផលក្រោយការផ្ទុះអាវុធដាក់គ្នាមួយប្រាវនោះ ប្រភពបញ្ជាក់ថា ខាងទាហានថៃ មានសុវត្ថិភាព មិនមានរបួសឬស្លាប់ទេ ។ ចំណែកខាងទាហានកម្ពុជា ត្រូវបានកងទ័ពជើងគោកកម្ពុជា បញ្ជាក់ថា មានស្លាប់ ១នាក់ ។

ទាហានខ្មែរ ដែលពលីនោះ មានឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ មានលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំ ក្សាន្ត ខេត្តព្រះវិហារ មានឋានន្តរស័ក្ដិព្រិន្ទបាលឯក ឈរជើងនៅតំបន់ព្រំដែនមុំបី ។ ពិធីបុណ្យសពរបស់នាយទាហានពលីនេះ បានរៀបចំធ្វើឡើងនៅក្នុងបន្ទាយទាហានកងពលលេខ៩ ៕ 

RELATED ARTICLES