ខេត្តកំពង់ចាម ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ទឹកទន្លេមេគង្គ បានហក់ឡើង ជាហេតុធ្វើឱ្យប្រដឹស ឬស្ពានឫស្សី សម្រាប់ឆ្លងពីត្រើយក្រុងកំពង់ចាម ទៅឆ្នេរខ្សាច់កោះប៉ែន នៅឃុំកោះមិត្ត ស្រុកកំពង់សៀម មានប្រវែងជាង ៧០០ម៉ែត្រ ត្រូវបានទឹកហូរបុកដាច់ត្រង់ផ្នែកកណ្តាល មិនអាចឱ្យមនុស្សដើរឆ្លងកាត់បានឡើយ។

លោកប៊ុន ដារ៉ា ម្ចាស់រមណីយដ្ឋានឆ្នេរខ្សាច់កាប៉ែន បានឱ្យដឹងកាលពីល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ថា ដោយសារតែទឹកទន្លេបានហក់ឡើងជាបន្តបន្ទាប់ ធ្វើឱ្យសសរទម្រង់សង់ពីប្ញស្សី បានទ្រេតត្រង់ផ្នែកកណ្តាល ដោយឃើញបែបនេះ រូបលោកបានឱ្យកម្លាំងកម្មករ ដែលយាមនៅចំណុចក្បាលស្ពានត្រើយក្រុងកំពង់ចាម បិទបារ៉ាស់ មិនឱ្យមនុស្សឆ្លងកាត់ទៅលេងឆ្នេរខ្សាច់កោះប៉ែន នោះទេ ព្រោះខ្លាចគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

ម្ចាស់រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន បានបន្តថា ដោយសារតែទឹកទន្លេ ចេះតែឡើងបន្ថែមទៀតនោះ រហូតដល់ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក៏បានធ្វើឱ្យស្ពានប្ញស្សី ត្រង់ផ្នែកកណ្តាល ត្រូវបានទឹកហូរបុកដាច់ពីគ្នាតែម្តង។

សូមបញ្ជាក់ថា ស្ពានឫស្សីកោះប៉ែន នេះ ត្រូវបានប្រើកម្លាំងកម្មករជាច្រើននាក់ ដើម្បីស្ថាបនាហើយអាចឱ្យភ្ញៀវជាតិនិងអន្តរជាតិ ដើរឆ្លងកាត់បាន កាលពីដើមខែមករា ឆ្នាំ២០២៥ រហូតមកដល់ពាក់កណ្តាលខែឧសភា ទឹក ទន្លេបានចាប់ផ្តើមហក់ឡើង ជាហេតុធ្វើឱ្យស្ពានប្ញស្សី ត្រូវបានអណ្តែតតាមខ្សែទឹកហូរ នៅព្រឹកថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២៥។ ជាមួយនោះ ម្ចាស់រមណីយដ្ឋាន បានឱ្យកម្លាំងកម្មករចេញទូកម៉ាស៊ីន ទៅអូសយកឫស្សី ស្ពាន មកដាក់នៅមាត់ច្រាំង ត្រើយក្រុងកំពង់ចាម សម្រាប់ទុកប្រើប្រាស់ នាពេលខាងមុខ។

ម្ចាស់រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ឲ្យដឹងថា ក្នុងអំឡុងកូវីដផ្ទុះឡើង នាពេលកន្លងទៅស្ពានប្ញស្សី ដែលមានប្រវែងក្រោម ១០០០ម៉ែត្រ ភ្ញៀវជាតិនិងអន្តរជាតិ អាចដើរឆ្លងកាត់បានរហូតដល់ខែកក្កដា តែពេលនេះ មិនដូចពីមុន ធម្មជាតិមានការប្រែប្រួល៕


