Saturday, May 31, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃ នាយករដ្ឋមន្ត្រីថា បញ្ជាទ័ពពីក្រៅប្រទេស

ការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃ នាយករដ្ឋមន្ត្រីថា បញ្ជាទ័ពពីក្រៅប្រទេស

ប្រទេសជប៉ុន ៖ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បន្ទាប់ពីមានការប៉ះទង្គិចប្រដាប់អាវុធ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅព្រំដែន ចំណុចមុំបី ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ មានការចល័តកម្លាំងកងទ័ព និងអាវុធធុនធ្ងន់មួយចំនួន ទៅព្រំដែន ក្នុងខណៈពេលដែលសម្តេច ជានាយករដ្ឋមន្ត្រី មិននៅក្នុងប្រទេស ដោយកំពុងបំពេញទស្សនកិច្ចនៅប្រទេសជប៊ុន នោះ បានធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ជាមួយនឹងភាពស្រពេចស្រពិលអំពីស្ថានភាពនៅព្រំដែន តើសង្គ្រាម នឹងផ្ទុះឡើងឬទេ? តើអ្នកណាដឹកនាំគ្រប់គ្រងសភាពការណ៍ ឬបញ្ជាឲ្យមានការចល័តកម្លាំងកងទ័ព ដែលចំណុចនេះ សម្តេច សូមបញ្ជាក់ថា ទោះបីរូបសម្តេច កំពុងតែស្ថិតនៅប្រទេសជប៉ុន និងមានកិច្ចប្រជុំការងារផ្សេងៗជាច្រើនក៏ដោយ ក៏ប្រព័ន្ធនិងឋានានុក្រមនៃការដឹកនាំបញ្ជាកម្លាំង ក្នុងករណីធំបែបនេះ គឺស្ថិតក្នុងការទទួលខុសត្រូវរបស់នាយករដ្ឋមន្ត្រី ពោលគឺសម្តេច នៅតែអាចបញ្ជាកម្លាំងទ័ព ពីក្រៅប្រទេសបាន។ 

 សម្តេចហ៊ុន ម៉ាណែត បានបញ្ជាក់តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅព្រឹកថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០២៥ ថា «ព័ត៌មានពាក់ព័ន្ធនឹងការប៉ះទង្គិចប្រដាប់អាវុធ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅព្រំដែន កាលពីថ្ងៃម្សិលមិញ នៅមុំបី ក៏ដូចជាការចល័តកម្លាំងកងទ័ពនិងអាវុធធុនធ្ងន់មួយចំនួន ទៅព្រំដែន ក្នុងខណៈពេលដែលនាយករដ្ឋមន្ត្រី មិននៅក្នុងប្រទេស បានធ្វើឲ្យប្រជាពលរដ្ឋយើងជាច្រើន មានការព្រួយ បារម្ភ ជាមួយនឹងភាពស្រពេចស្រពិលអំពីស្ថានភាពនៅព្រំដែន។ តើសង្គ្រាមនឹងផ្ទុះឡើងឬទេ? តើអ្នកណាដឹកនាំគ្រប់គ្រងសភាពការណ៍ ឬបញ្ជាឲ្យមានការចល័តកម្លាំងកងទ័ព នៅពេលដែលនាយករដ្ឋមន្ត្រីកំពុងនៅក្រៅប្រទេស?

ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិ ដោយខ្លីថា ទោះបីរូបខ្ញុំកំពុងតែស្ថិតនៅប្រទេសជប៉ុន និងមានកិច្ចប្រជុំការងារផ្សេងៗជាច្រើនក៏ដោយ ប្រព័ន្ធនិងឋានានុក្រមនៃការដឹកនាំបញ្ជាកម្លាំង ក្នុងករណីធំបែបនេះ គឺស្ថិតក្នុងការទទួលខុសត្រូវរបស់នាយករដ្ឋមន្ត្រី ដដែល។  រាល់ការវិវត្តនៃសភាពការណ៍ដែលកើតមាននៅបន្ទាត់ព្រំដែន គឺត្រូវបានរាយការណ៍ឲ្យខ្ញុំ តាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តមអគ្គមេបញ្ជា ការ និងឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក រួមទាំងលទ្ធផលនៃការទាក់ទងគ្នារវាងរដ្ឋមន្ត្រីក្រសួងការពារ ជាតិ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជាមួយសមភាគីថៃ ក្នុងគោលដៅទប់ស្កាត់កុំឲ្យការប៉ះទង្គិចគ្នាកាន់តែរីក និងព្យាយាមឲ្យសភាពការណ៍ការវិលត្រឡប់ទៅភាពស្ងប់ស្ងាត់និងទំនាក់ទំនងល្អរវាងកងទ័ពជួរមុខនៃប្រទេសយើងទាំងពីរ។ ជាមួយគ្នានេះ រាល់ការសម្រេចចិត្តសំខាន់ៗ ក៏ត្រូវទទួលបានការឯកភាព ឬទទួលបទបញ្ជាពីរូបខ្ញុំ រួមទាំងការចល័តកម្លាំងកងទ័ព និងអាវុធទៅព្រំដែន»។

សម្តេចនាយករដ្ឋមន្ត្រី បន្តថា «ខ្ញុំមិនចង់ឃើញមានការប្រយុទ្ធគ្នារវាងកងទ័ពនិងកងទ័ព ដែលមិនផ្ដល់ផលចំណេញអ្វីសម្រាប់ប្រទេសនិងប្រជាជនយើងទាំងពីរនោះទេ ជាពិសេស កងទ័ពដែលត្រូវប្រយុទ្ធគ្នាផ្ទាល់ នៅសមរភូមិមុខ។ ក្នុងន័យនេះ ខ្ញុំសង្ឃឹមថា ជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃ នៅល្ងាចនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន ក្នុងការរក្សាស្ថានភាពស្ងប់ស្ងាត់ និងការប្រាស្រ័យទាក់ទងគ្នាល្អ រវាងកងទ័ពជួរមុខរបស់យើងទាំងពីរ ដូចដែលបានធ្វើកន្លងមក។ ចំពោះការចល័តកម្លាំង និងអាវុធទៅព្រំដែន គឺជាការអនុវត្តផែនការបម្រុងរបស់កងទ័ព ក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជា ដែលត្រូវត្រៀមជាស្រេច ក្នុងករណីចាំបាច់ជាយថាហេតុណាមួយ ដែលអាចកើតឡើង»។

សម្តេចហ៊ុន ម៉ាណែត បន្តថា «ដូចខ្ញុំធ្លាប់បានលើកក្នុងវេទិកាសាធារណៈកន្លងរួចមកហើយ កម្ពុជា មិនមានបំណងឈ្លានពានប្រទេសណាមួយនោះទេ ហើយយើងចង់ឲ្យការដោះស្រាយបញ្ហាព្រំដែន ប្រព្រឹត្តទៅដោយផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ។ ប៉ុន្តែកម្ពុជា ក៏រក្សាសិទ្ធិនៅក្នុងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានរំលោភលើបូរណភាពទឹកដីកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ។ ហេតុដូច្នេះ ខ្ញុំសូមបងប្អូនប្រជាពលរដ្ឋខ្មែរ ជ្រាបជាព័ត៌មាន និងសូមកុំឲ្យមានការព្រួយបារម្ភដោយផ្អែកលើព័ត៌មានមួយចំនួនដែលបានផ្សព្វផ្សាយដោយមិនមានប្រភពច្បាស់លាស់។ ខ្ញុំក៏សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើង ទប់ស្កាត់កុំឲ្យបញ្ហានេះ ទៅរីកធំ រហូតក្លាយជាជម្លោះជាតិសាសន៍ និងសូមផ្ដល់ការទុកចិត្តចំពោះរាជរដ្ឋាភិបាល ក៏ដូចជាកងទ័ពរបស់យើង ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះ ដោយការទទួលខុសត្រូវខ្ពស់»។

ភ្ជាប់ជាមួយសំណេរបញ្ជាក់ខាងលើនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានបង្ហាញរូបថតសម្តេច ២សន្លឹក ថតក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតំបន់ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងប្រាសាទតាក្របី កាលពីជាង ១០ឆ្នាំមុន នៅឆ្នាំ២០០៨ និង ២០១១ ក្នុងនោះរូបថត ១សន្លឹក គឺថតនៅជិតទីបញ្ជាការជួរមុខ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្នុងអំឡុងពេលមានការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ និងរូបថត ១សន្លឹកទៀត គឺការចរចាជាមួយភាគីកងទ័ពជើងគោកថៃ នៅជាំស្រងាំ ដើម្បីផ្អាកការប្រយុទ្ធគ្នារវាងកងទ័ពទាំងពីរ។

 ពាក់ព័ន្ធករណីការប៉ះទង្គិចគ្នាប្រដាប់អាវុធ នៅចំណុចព្រំដែនមុំបី នេះដែរ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្ញើលិខិតរំលែកមរណទុក្ខ ជូនក្រុមគ្រួសារនៃសពព្រឹន្ទបាលឯក សួន រោន ដែលពលីជីវិតក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នោះផងដែរ។

 លិខិតរំលែកមរណទុក្ខ របស់សម្តេចហ៊ុន ម៉ាណែត ផ្ញើជូនក្រុមគ្រួសារនៃសពព្រឹន្ទបាលឯក សួន រោន មានខ្លឹមសារទាំងស្រុងថា «លោក និងលោកស្រី ក្រុមគ្រួសារនៃសព ជាទីរាប់អាន! ខ្ញុំ និងភរិយា ពិតជាមានសេច ក្ដីក្ដុកក្ដួលរំជួលចិត្តនិងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងថា ព្រឹន្ទបាលឯក សួន រោន បានទទួលមរណភាពក្នុងជន្មាយុ ៤៧ឆ្នាំ ដោយហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នេះ។

ក្នុងវេលាប្រកបរដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំនិងភរិយា សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនិងញាតិមិត្តជិតឆ្ងាយនៃសព នូវក្តីសង្វេគយ៉ាងជ្រាលជ្រៅបំផុត។ ការបាត់បង់ ព្រឹន្ធបាលឯក សួន រោន ជាការបាត់បង់នូវកូនប្រុស បងប្រុស ប្អូនប្រុសជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស លោកបានរួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យ បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាជនកម្ពុជា នៃយើង។

ជាមួយគ្នានេះ ខ្ញុំនិងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធព្រឹន្ទបាលឯក សួន រោន សូមឱ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

សូមលោក និងលោកស្រី ក្រុមគ្រួសារនៃសព ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំនិងភរិយា»៕ ខៀវទុំ

RELATED ARTICLES