ម៉ាឡេសុី៖ ទីភ្នាក់ងារព័ត៌មាន Bernama របស់ម៉ាឡេស៊ីបានរាយការណ៍នៅថ្ងៃព្រហស្បត្តិ៍នេះដោយផ្អែកតាមសម្តីលោកឧបនាយករដ្ឋមន្ត្រី Ahmad Zahid Hamidi ថាម៉ាឡេស៊ីនឹងលុបចោលនូវការផ្តល់ទិដ្ឋការចូលប្រទេសរបស់ខ្លួនដោយសេរីសម្រាប់ប្រជាជនកូរ៉េខាងជើងចាប់ផ្តើមពីថ្ងៃច័ន្ទនេះតទៅ ។
ការសម្រេចចិត្តបែបនេះបានធ្វើឡើងបន្ទាប់ពីបុរសជនជាតិកូរ៉េខាងជើងម្នាក់ដែលកាន់លិខិតឆ្លងដែនឈ្មោះ Kim Chol ត្រូវបានលួចធ្វើឃាតដោយស្ត្រីពីរនាក់នៅព្រលានយន្តហោះក្រុងគូឡាឡាំពួរកាលពីថ្ងៃទី១៣ខែកុម្ភះ ។ ប៉ូលិសជឿជាក់ថាស្ត្រីពីរនាក់មានជាប់សង្ស័យ រួមទាំងជនជាតិកូរ៉េខាងជើង៤នាក់ផ្សេងទៀតថាបានរៀបចំនិងអនុវត្តគម្រោងឃាតកម្មនេះ ។
លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងថាការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីការពិចារណាអំពីសន្តិសុខជាតិជាកត្តាចម្បងនោះ ។
តុលាការម៉ាឡេស៊ីកាលពីថ្ងៃពុធម្សិលមិញនេះបានចោទប្រកាន់ស្ត្រីពីរនាក់ក្រោមបទល្មើសឃាតកម្ម ។ ចំណែកជនសង្ស័យទី៣ដែលជាជនជាតិកូរ៉េខាងជើងឈ្មោះ Ri Jong Chol គឺនៅតែស្ថិតក្រោមការឃុំខ្លួននៅស្ថានីយ៍ប៉ូលិសដដែល ប៉ុន្តែអំឡុងពេលនៃការបញ្ជូនរូបគេត្រឡប់ទៅវិញនោះនឹងផុតថេរវេលានៅថ្ងៃសុក្រនេះ។
ម៉ាឡេស៊ីស្ថិតក្នុងចំណោមបណ្តាប្រទេសមួយចំនួននៅលើពិភពលោកដែលអនុញ្ញាតផ្តល់នូវទិដ្ឋការចូលប្រទេសរបស់ខ្លួនដោយសេរីសម្រាប់ប្រជាជនកូរ៉េខាងជើងហើយក៏ជាប្រជាជាតិតែមួយគត់ដែលរីករាយក្នុងការផ្តល់ទិដ្ឋការចេញ-ចូលដល់ពលរដ្ឋខ្លួនចូលកូរ៉េខាងជើង ។
តែបើទុកជាបែបណាក្តីក៏ម៉ាឡេស៊ីបានទទូចអះអាងពីការស៊ើបអង្កេតប្រកបដោយវិជ្ជាជីវៈនិងមិនលំអៀងរបស់ខ្លួនក្នុងរឿងក្តីនេះផងដែរ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា