សុីរី៖ មន្ត្រីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកបានឲ្យដឹងកាលពីថ្ងៃពុធថាការវាយប្រហារដោយមីស៊ីលពីយន្តហោះដ្រូន CIA មួយគ្រឿងបានសម្លាប់មេដឹកនាំជាន់ខ្ពស់អាល់កៃដាឈ្មោះ Abu al-Khayr al-Masri កាលពីយប់ថ្ងៃអាទិត្យខណៈលោកបាននិងកំពុងជិះរថយន្តនៅក្បែរក្រុង Idlib ដែលស្ថិតនៅភាគពាយព្យស៊ីរី។
មន្ត្រីដែលបានពន្យល់អំពីការវាយប្រហារនេះនិងថ្លែងដោយសុំមិនបញ្ចេញឈ្មោះថាមេភេរវករអាល់កៃដា al-Masri ដែលមានអាយុ៥៩ឆ្នាំដែលមានឈ្មោះពិត Abdullah Muhub Rajab Abdulrahman ជាមេបញ្ជាការទី២នៅក្នុងជួរមេដឹកនាំរបស់ក្រុមនេះ ។
ប្រភពបានបន្តថាលោកក៏បានរៀបការជាមួយនិងកូនស្រីម្នាក់របស់ លោក Osama bin Laden ។ ម្យ៉ាងវិញទៀតលោក Masri ក៏ត្រូវបានគេស្គាល់ថាជាអ្នកបានស្វែងរកការជ្រកកោនក្នុងប្រទេសអ៊ីរ៉ង់បន្ទាប់ពីការវាយប្រហារសហរដ្ឋអាមេរិកកាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ ។
ជាងនេះទៅទៀតលោកត្រូវបានគេជឿជាក់ថាបានលាក់ខ្លួនក្នុងប្រទេសស៊ីរីដែលមានការជួយដោយផ្ទាល់ពីក្រុម Jabhat Fateh al-Sham ដែលជាសាខារបស់ក្រុមអាល់កៃពីមុនគេស្គាល់ថាជាពួក Nusra Front ។
អ៊ីរ៉ង់បានដោះលែងរូបលោកចេញពីការឃុំខ្លួនក្នុងផ្ទះអស់រយៈពេលជិតពីរឆ្នាំ នៅក្នុងការដោះដូរផ្នែកការទូតមួយក្របខ័ណ្ឌឈ្លើយសឹកក្នុងប្រទេសយេម៉ែនដោយក្រុមអាល់កៃដានៅឧបទ្វីបអារ៉ាប់ ។
ទោះជាយ៉ាងណាការស្លាប់របស់មេដឹកនាំជាន់ខ្ពស់របស់ក្រុមអាល់កៃដារូបនេះបានបញ្ចប់នូវការប្រមាញ់រយៈពេលជិត១៩ឆ្នាំរបស់សហរដ្ឋអាមេរិក ចំពោះរូបលោក។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា