ឥណ្ឌា ៖ ករណីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា (Air India) ១គ្រឿង បានធ្លាក់ និងផ្ទុះឆេះ បន្ទាប់ពីហោះហើរចេញពីព្រលានយន្តហោះ បានត្រឹមតែ ៥នាទី កាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នោះ ក្នុងចំណោមមនុស្ស ចំនួន ២៤២នាក់ នៅលើយន្តហោះនោះ ត្រូវបានរាយការណ៍ថា នៅមានជីវិត តែ១នាក់ប៉ុណ្ណោះ ជាបុរសសញ្ជាតិអង់គ្លេស ដើមកំណើតឥណ្ឌា។

តាមប្រភពបណ្តាញព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ថាករណីធ្លាក់យន្តហោះ ១គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា (Air India) កើតឡើងនៅក្បែរព្រលានយន្តហោះ ក្រុងអាហ៍មេដាបាដ (Ahmedabad) រដ្ឋគុជរ៉ាត (Gujarat) ប្រទេសឥណ្ឌា កាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នោះ ។

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា (Air India) ជើងហោះហើរ AI171 ដែលកំពុងធ្វើដំណើរពីទីក្រុងអាហ៍មេដាបាដ (Ahmedabad) ប្រទេសឥណ្ឌា ទៅកាន់អាកាសយានដ្ឋាន London Gatwick ប្រទេសអង់គ្លេស បានធ្លាក់ និងផ្ទុះឆេះ បន្ទាប់ពីហោះឡើងបានតែប្រមាណ៥នាទី ដោយបានសម្លាប់អ្នកដំណើរនិងយានិកទាំងអស់ នៅលើយន្តហោះ ចំនួន ២៤១នាក់ ក្នុងចំណោមមនុស្ស ២៤២នាក់ នៅលើយន្តហោះ នៅរស់តែបុរសអង់គ្លេស ដើមកំណើតឥណ្ឌា ម្នាក់គត់ ឈ្មោះ វិស្វាស្ហ គូម៉ារ រ៉ាមេស្ហ (Viswash Kuma Ramesh) អាយុ៤០ឆ្នាំ ជាអ្នកដំណើរម្នាក់ ដែលអង្គុយនៅកៅអីលេខ 11A ក្បែរច្រកចេញអាសន្ន។

ប្រភពខាងលើ ឲ្យដឹងថា អ្នកស្លាប់ភាគច្រើនជាជនជាតិឥណ្ឌា និងអង់គ្លេស រួមទាំងកុមារ និងទារកផងដែរ សូម្បីតែលោកអាចាយ គុម៉ារ រ៉ាមេស្ហ (Ajay Kumar Ramesh) ដែលជាបងប្រុសបង្កើតរបស់អ្នកនៅរស់រានមានជីវិត ដែលអង្គុយកៅអី 11J ក៏ត្រូវបានប្រកាសថាបានស្លាប់ដែរ។ ចំណែកក្រុមគ្រួសារមួយ ដែលមានសមាជិក ៥នាក់ (ឪពុកម្តាយ និងកូនប្រុសស្រី ៣នាក់) ដែលបានថតរូបសែលហ្វីនៅលើយន្តហោះ លើកចុងក្រោយ ផ្ញើឲ្យសាច់ញាតិ ក៏បានស្លាប់ទាំងអស់ផងដែរ។

ជនរងគ្រោះដែលជីវិតថ្លៃជាងគេ បានរួចរស់ជីវិតក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះនោះ គឺគាត់អង្គុយកៅអីលេខ 11A ដែលនៅជាប់នឹងច្រកទ្វារចេញពេលអាសន្ន។ កៅអីនេះ មានទីតាំងនៅស្លាបខាងឆ្វេង នៃយន្តហោះ ដែលជាឱកាសខ្ពស់នៃការរស់រានមានជីវិត ក្នុងករណីមានផលប៉ះពាល់ ឬការផ្ទុះឆេះជាដើម។

ដោយឡែក យោងតាមសារព័ត៌មាន Hindustantimes បានរាយការណ៍នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ថា មាននារីម្នាក់ មានសំណាងរួចជីវិត ដោយសារយន្តហោះដែលធ្លាក់នោះ បានចេញចោល ដោយសារនាងទៅជិះយន្តហោះយឺត ១០នាទី។ ស្ត្រីរូបនោះ បានឱ្យដឹងនៅថ្ងៃកើតហេតុនោះថា នាងត្រូវធ្វើដំណើរពីទីក្រុងអាហ៍មេដាបាដ (Ahmedabad) ទៅកាន់ទីក្រុងឡុងដ៍ (London) ប្រទេសអង់គ្លេស តាមយន្តហោះ Air India ជើងហោះហើរ AI171 ដែលកើតហេតុខាងលើ ដោយយន្តហោះត្រូវចេញដំណើរនៅម៉ោង ១៣និង១០នាទី ប៉ុន្តែដោយសារស្ទះផ្លូវពេក នាងមកដល់យឺត ១០នាទី ក៏ត្រូវយន្តហោះចេញចោលនាងបាត់ទៅ។

សូមបញ្ជាក់ថា យន្តហោះរងគ្រោះ របស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា (Air India) B787-8 មួយគ្រឿងនេះ ជាប្រភេទយន្តហោះខ្នាតធំទំនើបបំផុតរបស់ក្រុមហ៊ុន Boeing ដែលបានប្រើប្រាស់ដោយក្រុមហ៊ុនអាកាស ចរណ៍ឥណ្ឌា (Air India) រយៈពេលជាង១១ឆ្នាំមកហើយ មុនពេលមានឧបទ្ទវហេតុធ្លាក់និងផ្ទុះឆេះនេះ៕


