Friday, August 8, 2025
Homeតារាខ្មែរកែវ ឡាវីញ បើកហាងកាហ្វេថ្មី

កែវ ឡាវីញ បើកហាងកាហ្វេថ្មី

ភ្នំពេញ ៖ តារាសម្ដែង កែវ ឡាវីញ កូនស្រីច្បងសំណព្វចិត្តរបស់អតីតតារាសម្ដែងទសវត្សឆ្នាំ១៩៨០-១៩៩០ អ្នកនាងកែវ កល្យាណ បានបើកហាងកាហ្វេ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ដោយដាក់ឈ្មោះថា ឡាតេហ្វីន (Latte Feen)  ដែលមុខរបរថ្មីនេះ ចំពេលដែលសង្រ្គាមរវាងកម្ពុជា-ថៃ ដែលបង្កដោយសៀម នៅតាមតំបន់ព្រំដែន មិនទាន់ទាន់ស្ងាត់ ទើបមានការបារម្ភថា ខ្លាចតែនាងរកស៊ីខុសពេលវេលា ។ ប៉ុន្ដែការរកស៊ី គឺមិនអាចរង់ចាំបានទេ ហេតុនេះហើយបានជាឡាវីញ សុខចិត្តបង្កើតមុខរបរនៅពេលនេះតែម្ដង ដោយសារតែអាជីពសិល្បៈ មិនអាចឋិតថេរ ។

 អ្នកស្រី កែវ កល្យាណ បានប្រាប់ «នគរធំ» នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ថាឡាវីញ បានបើហាងកាហ្វេ ២ហាងផ្សេងគ្នា មួយជាហាងធ្វើនៅផ្ទះល្វែងខ្លួនឯង និងហាងមួយទៀត ជួលផ្ទះគេ។ អ្នកស្រី បន្ថែមថា ដោយសារតែបើកហាង ចំពេលមានសង្រ្គាមនៅតាមព្រំដែនអ៊ីចឹង លក់ដាច់មួយៗធម្មតា ហើយក៏ធ្លាប់បានច្រកកាហ្វេ តែបៃតង ផាសិន រាប់រយកញ្ចប់ផ្ញើជូនកងទ័ពជូរមុខផងដែរ ។

អ្នកនាងកែវ ឡាវីញ និងស្វាមី

ប្រភពបានឲ្យដឹងថា អាជីវកម្មថ្មីរបស់ឡាវីញ នេះ ក៏មានការគាំទ្រពីស្វាមី និងម្ដាយនាងអ្នកស្រី កែវ កល្យាណ ផងដែរ ហើយមូលហេតុដែលឡាវីញ បើកហាងលក់ភេសជ្ជៈ នៅពេលនេះ គឺនាងចង់ក្ដោបឱកាសដែលប្រ ជាជនកម្ពុជា កំពុងតែធ្វើពហិការកាហ្វេ និងទំនិញថៃ ទើបឡាវីញ ដែលចូលចិត្តភេជ្ជៈប្រភេទនេះ តាំងពីនៅរៀនថ្នាក់ទី១១ នោះ ចេញបើកមុខរបរនេះតែម្ដង ។ យ៉ាងណា នៅមិនទាន់ដឹងពីទុនដែលឡាវីញ ត្រូវចំណាយសម្រាប់មុខរបរផ្ទាល់ខ្លួន នាពេលនេះទេ  ព្រោះចំណុចនេះ អ្នកស្រី កែវ កល្យាណ សុំមិនប្រាប់។

អ្នកនាងកែវ​ កល្យាណ ម្ដាយកែវ ឡាវីញ

គួរបញ្ជាក់ថា កែវ ឡាវីញ បានប្រឡូកសិល្បៈ ដោយមានការជំរុញពីម្ដាយនាង កែវ កល្យាណ ព្រោះអ្នកស្រី ធ្លាប់ប្រាប់ថា ចង់ឲ្យកូនបន្ដវេនពីខ្លួន ដើម្បីចូលរួមលើកស្ទួយវិស័យសិល្បៈទី៧ ឲ្យរីកចម្រើនទៅមុខ បើទោះជាមុនដំបូង កូនហាក់រារែកចិត្តក្ដី ។ ឡាវីញ ធ្លាប់ល្បី ក្នុងរឿង «រសជាតិអ្នកមាន» តែការថតរឿងនេះ ធ្វើឲ្យនាងប៉ះរឿងដ៏រសើប ដោយគេសង្ស័យថា នាងមានស្នេហាជាមួយនាង យ៉ា សុផាន់ម៉ៃ នៅក្រៅឆាក ។ ភ្លាមៗនោះ អ្នកស្រី កល្យាណ បានព្រមានកូនស្រីថា មិនអនុញ្ញាតឲ្យថតរឿងស្រីស្រលាញ់ស្រី ទៀតជាដាច់ខាត ហើយបើនៅតែថតទាំងបំពាន នោះអ្នកស្រីនឹងឲ្យកូនស្រី ឈប់ពីសិល្បៈទាំងស្រុងតែម្ដង ។ មិនត្រឹមតែដាក់លក្ខខណ្ឌតឹងតែងបែបនេះទេ ប៉ុន្ដែអ្នកស្រី កល្យាណ បានឈានមួយជំហានទៀត ដើម្បីឲ្យកូនស្រីបិទបញ្ចប់រឿងគេសង្ស័យថា នាងស្រលាញ់ភេទដូចគ្នា តាមរយៈការរៀបអាពាហ៍ ពិពាហ៍ ឲ្យកែវ ឡាវីញ ជាមួយលោក ហម លាងហេង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ទើបធ្វើឲ្យអ្នកថា ឡាវីញ និងសុផាន់ម៉ៃ ជាគូសង្សារនោះ ស្ងាត់មាត់ដូចគេចុក ។

សូមរំលឹកថា កែវ ឡាវីញ បានសាងស្នាដៃក្នុងភាពយន្ដធំៗ ដូចជារឿង «រសជាតិអ្នកមាន», «ម្ចាស់កីតម្បាញ» និងរឿងទើបថតចប់ មិនទាន់ដាក់បញ្ចាំង «អប្សរាមហាអង្គរ» ដឹកនាំដោយលោកហ្វៃ សំអាង ត្រៀមចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ហង្សមាស។ ប្រភពបានឲ្យដឹងថា ឡាវីញ ត្រូវស្វាមីបើកដៃឲ្យនាងថតសម្ដែង តាមចិត្តចង់ មិនហួងហែងប្រចណ្ឌនាងផ្ដេសផ្ដាសឡើយ ។

 អ្នកស្រី កែវ កល្យាណ បន្ថែមថា បន្ទាប់ពីថតចប់ រឿង «អប្សរាមហាអង្គរ» ឡាវីញ  ចេញថត MV មួយៗដែរ ហើយក៏ត្រៀមខ្លួនថតរឿងថ្មី នាពេលឆាប់ៗនេះ ។ អ្នកស្រី ថាក្រៅពីមមាញឹកលើហាងកាហ្វេ ទាំងពីរ កូនស្រីក៏ជាប់រវល់មើលខុសត្រូវហាងលក់សម្លៀកបំពាក់មួយទៀតដែរ ដែលឡាវីញ ចូលហ៊ុនរកស៊ីជាមួយមិត្តភក្ដិ ។ ក្រៅពី កែវ ឡាវីញ តារាដែលបើកហាងកាហ្វេ មានដូចជា ឌួង ហ្សូរីដា, ឌុច លីដា, Dj ហេរ៉ូ, សុវត្ថិ មុនីវណ្ណ និងសេង មង្គល ជាដើម ៕

RELATED ARTICLES