អេចូពី៖ មន្ត្រីផ្លូវការក្រុងបានឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្ស៣០នាក់បានស្លាប់បាត់បង់ជីវិតនិងជាច្រើននាក់ទៀតរងរបួសក្នុងហេតុការណ៍បាក់ដីទ្រង់ទ្រាយធំមួយនៅទីលានចោលសំរាមធំជាងគេបំផុតរបស់ប្រទេសអេចូពីដែលស្ថិតនៅជាយរដ្ឋធានី Addis Ababa ។
អ្នកកាសែត AFP ម្នាក់ដែលស្ថិតនៅកន្លែងកើតហេតុបានថ្លែងថាគំនរសំរាមដ៏ធំបំផុតនៅទីលានចាក់សំរាម Koshe បានបាក់រលំដែលជំរុញឲ្យកើតមានឡើងនូវសោកនាដកម្មដល់មនុស្សជាច្រើននាក់ដែលមានលំនៅឋាននិងរស់នៅទីនោះ ។
ប្រធានការិយាល័យទំនាក់ទំនងក្រុងលោក Dagmawit Moges បានថ្លែងថាចំនួនអ្នកស្លាប់សរុបទាំងអស់រហូតមកដល់បច្ចុប្បន្នមាន៣០នាក់ ។ លោកបានថ្លែងថាជនរងគ្រោះជាច្រើននាក់គឺជាអ្នកដែលរស់នៅត្រង់ទីតាំងនៃទីលានចាក់សំរាមកើតហេតុដោយគ្មានការអនុញ្ញាតអ្វីឡើយ ។
លោកបានបន្ថែមថាយើងមានក្តីរំពឹងបរិមាណជនរងគ្រោះនឹងកើនឡើងដោយសារតែការបាក់ដីឬគំនរសំរាមនោះបានគ្របដណ្តប់លើតំបន់មួយភាគធំត្រង់ចំណុចកើតហេតុ ។
តាមដែលគេដឹងមកថាទីលានចាក់សំរាម Koshe មានអាយុកាលជាង៤០ឆ្នាំហើយ ម្យ៉ាងវាក៏ស្ថិតក្នុងចំណោមគំនរសំរាមដ៏សំខាន់មួយសម្រាប់រដ្ឋធានី Addis Ababa ដែលជាទីក្រុងមានកំណើនអត្រាប្រជាជនយ៉ាងលឿនប្រមាណជា៤លាននាក់។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា