ចិន៖ នាយករដ្ឋមន្ត្រីចិនលោក Li Keqiang នៅថ្ងៃពុធនេះបានធ្វើការអំពាវនាវដល់គ្រប់ភាគីទាំងអស់ដែលពាក់ព័ន្ធឲ្យត្រឡប់ទៅរកតុចរចាក្នុងពេលដែលមានភាពតានតឹងកើនឡើងលើកម្មវិធីមីស៊ីលនិងអាវុធនុយក្លេអែររបស់កូរ៉េខាងជើង ។
លោក Li បានថ្លែងថាចិនគឺជាអ្នកគាំទ្រយ៉ាងមុតមាំមួយនៅក្នុងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដែលមានគោលដៅរារាំងនិងបញ្ចប់កម្មវិធីនុយក្លេអែររបស់កូរ៉េខាងជើងនិងយល់ស្របតាមទាំងស្រុងជាមួយនិងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរដ្ឋាភិបាលក្រុងព្យុងយ៉ាង ។
លោកបានទទួលស្គាល់ថាមានការកើនឡើងនៃភាពតានតឹងនៅលើឧបទ្វីបកូរ៉េនិងតំបន់អាស៊ីភាគឦសាន ដែលជម្លោះនេះនឹងបង្កមហន្តរាយដល់គ្រប់ភាគីទាំងអស់ ។ ហេតុដូច្នេះហើយអ្វីដែលយើងមានក្តីរំពឹងនោះគឺថាក្តីបារម្ភរបស់គ្រប់ភាគីទាំងអស់នឹងលើកយកមកពិភាក្សាទាំងអស់គ្នាដើម្បីកាត់បន្ថយកំដៅនៃភ្លើងដែលបាននិងកំពុងឆេះឡើង ។
គួរបញ្ជាក់ថាចិនគឺជាសម្ព័ន្ធមិត្តការទូតនិងដៃគូសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ក្រុងព្យុងយ៉ាងហើយថែមទាំងស្ថិតក្រោមសម្ពាធពីសហរដ្ឋអាមេរិកក្នុងការប្រើប្រាស់ឥទ្ធិពលក្នុងការញាក់ខ្សែបង្ហៀរចំពោះសកម្មភាពនានារបស់កូរ៉េខាងជើង ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា