ឥណ្ឌា៖ ប៉ូលិសជាន់ខ្ពស់ម្នាក់បានថ្លែងថាយ៉ាងហោចណាស់មានមនុស្ស៦នាក់ត្រូវបានសម្លាប់និង១៣នាក់ទៀតរងរបួស បន្ទាប់ពីអគារមួយបានបាក់រលំដោយសារការផ្ទុះហ្គាសនៅទីក្រុង Kanpur រដ្ឋ Uttar Pradesh ភាគខាងជើងឥណ្ឌាកាលពីថ្ងៃពុធ ។
ប្រភពដដែលបានបន្តថាការផ្ទុះនេះបានកើតឡើងនៅផ្នែកខាងក្នុងឃ្លាំងត្រជាក់សម្រាប់ស្តុកទំនិញទុកមួយក្នុងតំបន់ Shivrajpur ក្រុង Kanpur ហើយក្នុងពេលប៉ុន្មាននាទីអគារនោះក៏បាក់រលំចុះតែម្តង ។
សាកសពចំនួន៦ត្រូវបានយកចេញពីកំទេចអគារបែកបាក់នោះ ។ ចំនួនអ្នកស្លាប់អាចកើនឡើងខណៈជនរងគ្រោះមួយចំនួនត្រូវបានគេសង្ស័យថាស្ថិតនៅក្នុងគំនរអគារបាក់បែកនោះនៅឡើយ។
ទូរទស្សន៍ក្នុងស្រុកបង្ហាញថាអ្នកជួយសង្គ្រោះប្រើប្រាស់ឧបករណ៍កាត់ថ្មដើម្បី ឈានទៅដល់ការជួយយកអ្នកដែលស្ថិតនៅជាប់ក្រោមកំទេចថ្មអគារនោះទៀតផង ។
មន្ត្រីប៉ូលិសបានថ្លែងថាខណៈដែលមនុស្ស៦នាក់ត្រូវបានគេប្រកាសថាបានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យរដ្ឋមួយកន្លែង និង១៣នាក់ផ្សេងទៀតរងរបួសដែលកំពុងសម្រាកព្យាបាល។ ក្នុងចំណោមអ្នកទាំងអស់នោះសុទ្ធសឹងតែជាកម្មករបម្រើការក្នុងឃ្លាំងត្រជាក់សម្រាប់ស្តុកទុកទំនិញ។
លោកបានបន្ថែមថាការស៊ើបអង្កេតត្រូវបានធ្វើឡើងផងដែរចំពោះករណីឧប្បត្តិហេតុនេះ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា