Tuesday, December 9, 2025
Homeព័ត៌មានអន្តរជាតិថៃ បន្តឈ្លានពានកម្ពុជា ទីប្រឹក្សាលោកត្រាំ ថាសហគមន៍អន្តរជាតិ មិនត្រូវនៅស្ងៀម  

ថៃ បន្តឈ្លានពានកម្ពុជា ទីប្រឹក្សាលោកត្រាំ ថាសហគមន៍អន្តរជាតិ មិនត្រូវនៅស្ងៀម  

សហរដ្ឋអាមេរិក ៖ ទីប្រឹក្សាលោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងជាអ្នករាយការណ៍ព័ត៌មានប្រចាំសេតវិមាន លោកម៉ៃឃើល អាល់ហ្វារ៉ូ (Michael B Alfaro) បានលើកឡើងថា ខណៈដែលថៃ បន្តឈ្លាន ពានកម្ពុជា ដោយការបាញ់កាំភ្លើងត្បាល់ កាំភ្លើងយន្តធុនធ្ងន់ វាយប្រហារមកលើតំបន់ព្រំដែនកម្ពុជា រំលោភបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ២៦ តុលា ដែលមានលោកប្រធានាធិបតី ដូណាល់ ត្រាំ ជាសាក្សីនោះ សហគមន៍អន្តរជាតិ មិនត្រូវនៅស្ងៀមទេ គឺដើម្បីជាប្រយោជន៍ដល់សន្តិភាពក្នុងតំបន់ ការពារជនស៊ីវិល និងភាពជឿជាក់នៃច្បាប់អន្តរជាតិ ដៃគូសកល រដ្ឋាភិបាល ស្ថាប័ន និងមេដឹកនាំអន្តរជាតិ ត្រូវតែចេញសេចក្ដីថ្លែងការណ៍ និងជំរុញឱ្យបញ្ចប់ការឈ្លានពានរបស់ថៃ ជាបន្ទាន់ ។

 លោក ម៉ៃឃើល អាល់ហ្វារ៉ូ បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ថា  “ការវាយប្រហារដោយមិនប្រុងប្រយ័ត្នរបស់ប្រទេសថៃលើទឹកដីកម្ពុជា រួមទាំងការបាញ់កាំភ្លើង ត្បាល់ 60mm និងគ្រាប់កាំភ្លើងយន្តធុនធ្ងន់ នៅជិតសាលាបឋមសិក្សា គឺមិនអាចទទួលយកបានទេ ហើយឆ្លុះបញ្ចាំងពីគំរូនៃការឈ្លានពានដូចគ្នាដែលពិភពលោកបានឃើញ នៅពេលដែលរុស្ស៊ី វាយប្រហារតំបន់ស៊ីវិល នៅអ៊ុយក្រែន។ នៅពេលដែលប្រទេសមួយ ប្រើកម្លាំងប្រឆាំងនឹងប្រទេសជិតខាងដែលមានសន្តិភាព និងធ្វើឱ្យកុមារស្លូតត្រង់ ស្ថិតក្នុងគ្រោះថ្នាក់ សហគមន៍អន្តរជាតិ មិនត្រូវនៅស្ងៀមឡើយ។

 ប្រទេសកម្ពុជា បានអនុវត្តការអត់ធ្មត់។ ប្រទេសកម្ពុជា បានគោរពយន្តការអាស៊ាន ច្បាប់អន្តរជាតិ និងគ្រប់មធ្យោបាយការទូតដែលមាន។ យ៉ាងណាក៏ដោយ ប្រទេសថៃ នៅតែបន្តបំពាន ដោយជឿថា ខ្លួនអាចធ្វើ សកម្មភាពដោយគ្មានផលវិបាក ដូចដែលរុស្ស៊ី ជឿមុនពេលពិភពលោកឆ្លើយតបដោយឯកភាព។ ឥរិយាបថនេះ កំពុងធ្វើឱ្យអស្ថិរភាព មិនត្រឹមតែសម្រាប់កម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកទាំងមូល។

  ក្រុមហ៊ុន Lockheed Martin ក្នុងនាមជាក្រុមហ៊ុនផលិត F-16 របស់ប្រទេសថៃ មានកាតព្វកិច្ចគោរពបទដ្ឋានអន្តរជាតិ។ ក្រុមហ៊ុន គួរតែអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹងជាបន្ទាន់ ទាមទារការការពារជនស៊ីវិល និងពិនិត្យឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះកង F-16 របស់ប្រទេសថៃ រហូតដល់រដ្ឋាភិបាលថៃ ប្តេជ្ញាចិត្តចំពោះសន្តិភាព និងដកឥរិយាបថឈ្លានពានរបស់ខ្លួន តាមបណ្តោយព្រំដែនកម្ពុជា។ គ្មានក្រុមហ៊ុនការពារជាតិណាមួយ គួរអនុញ្ញាតឱ្យប្រព័ន្ធរបស់ខ្លួន ត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការដែលគំរាមកំហែងដល់កុមារ និងរំលោភលើស្ថិរភាពក្នុងតំបន់នោះទេ។

  ពិភពលោក បានឆ្លើយតបនៅពេលដែលរុស្ស៊ី បានឈ្លានពានឆ្លងកាត់ព្រំដែននៅអ៊ុយក្រែន។ ពិភពលោក ត្រូវតែឆ្លើយតបឥឡូវនេះ នៅពេលដែលប្រទេសថៃ បានឈ្លានពានឆ្លងកាត់ព្រំដែនដូចគ្នា ជាមួយកម្ពុជា។ ដើម្បីជាប្រយោជន៍ដល់សន្តិភាពក្នុងតំបន់ ការការពារជនស៊ីវិល និងភាពជឿជាក់នៃច្បាប់អន្តរជាតិ ដៃគូសកល  រដ្ឋាភិបាល ស្ថាប័ន និងមេដឹកនាំឧស្សាហកម្ម ត្រូវតែនិយាយចេញ និងជំរុញឱ្យបញ្ចប់ការឈ្លានពានរបស់ថៃ ជាបន្ទាន់“ ។

 គួរបញ្ជាក់ថា ថ្មីៗនេះ លោកម៉ៃឃើល អាល់ហ្វារ៉ូ (Michael B Alfaro) ទីប្រឹក្សាលោកដូណាល់ ត្រាំ ប្រធានា ធិបតីសហរដ្ឋអាមេរិក និងជាអ្នករាយការណ៍ព័ត៌មានប្រចាំសេតវិមាន សហរដ្ឋអាមេរិក ទើបតែបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា សាជាថ្មី ហើយបានចុះទៅដល់ជំរំជនភៀសសឹក វត្តពោធិ៍៥០០០ដើម ដើម្បីពិនិត្យមើល និងរាយការណ៍ព័ត៌មានពីស្ថានភាពរស់នៅ និងទុក្ខវេទនារបស់ជនភៀសសឹកខ្មែរ ដោយសារការឈ្លានពានពីសំណាក់កងទ័ពសៀម មកលើបូរណភាពទឹកដីកម្ពុជា នៅតែបន្ត ដែលជាការគំរាមកំហែងដល់សុខសុវត្ថិភាពរបស់ពួកគាត់ ។

សម្រាប់ពេលនេះ លោកម៉ៃឃើល អាល់ហ្វារ៉ូ មិនបានបង្ហើបពីគម្រោងមកកាន់ប្រទេសកម្ពុជា ម្ដងទៀតទេ ប៉ុន្តែតាមបណ្ដាញប្រព័ន្ធសង្គម លោកម៉ៃឃើល អាល់ហ្វារ៉ូ បានបន្តតាមដានយ៉ាងយកចិត្តទុកដាក់ពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសការបាញ់ផ្លោងពីសំណាក់ទាហានថៃ មកលើកងកម្លាំងកម្ពុជា នៅថ្ងៃទី៧ និងទី៨ ខែធ្នូ ឆ្នាំ២០២៥ ដែលធ្វើប៉ះពាល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរ នៅតាមព្រំដែន រហូតត្រូវភៀសខ្លួនចោលផ្ទះសម្បែង ទៅរកទីទួលសុវត្ថិភាព ជាថ្មីម្តងទៀត។ ដោយមើលឃើញពីការបំពានរបស់ភាគីថៃ បែបនេះហើយ ក្រៅពីអំពាវនាវដល់សហគមន៍អន្តរជាតិ កុំនៅស្ងៀម ត្រូវតែជួយកម្ពុជា នោះ លោកម៉ៃឃើល អាល់ហ្វារ៉ូ ក៏បានបង្ហាញក្ដីអាណិតអាសូរដល់ពលរដ្ឋ និងកុមារកម្ពុជា ដែលត្រូវចាកចោលផ្ទះសម្បែង សាលារៀន ដោយសារការរំខានដោយអាវុធ ពីសំណាក់ភាគីថៃ ព្រោះកាលពីចុងខែកញ្ញា នោះ ពេលចុះមកដល់កម្ពុជា លើកទី២ លោកម៉ៃឃើល អាល់ហ្វារ៉ូ បានធ្វើដំណើរទៅដល់ទីតាំងស្ថានីយប្រេង ១កន្លែង ស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលរងការបាញ់ផ្លោងពីសំណាក់ទាហានសៀម ឈ្លានពាន និងបានចុះទៅដល់ជំរំជនភៀសសឹក វត្តពោធិ៍៥០០០ដើម ដើម្បីពិនិត្យមើលនិងរាយការណ៍ព័ត៌មានពីស្ថានភាពរស់នៅ និងទុក្ខវេទនារបស់ជនភៀសសឹកខ្មែរ ដោយសារការឈ្លានពានពីសំណាក់កងទ័ពសៀម មកលើបូរណភាពទឹកដីកម្ពុជា នៅតែបន្ត ដែលជាការគំរាមកំហែងដល់សុខសុវត្ថិភាពរបស់ពួកគាត់ ។ ទោះបីជាពេលនេះ លោកមិនបានចុះមកផ្ទាល់ក៏ដោយ ក៏លោកម៉ៃឃើល អាល់ហ្វារ៉ូ នៅតែបង្ហាញក្ដីព្រួយបារម្ភសម្រាប់ពលរដ្ឋកម្ពុជា នៅតាមព្រំដែន តាមរយៈសំណេរលើទំព័រហ្វេសប៊ុក របស់លោក ៕ កុលបុត្រ

RELATED ARTICLES