Tuesday, December 23, 2025
Homeព័ត៌មានអន្តរជាតិមូន ពេជ្រ ដាក់ភ័ស្តុតាងបន្ថែម ប្តឹងថៃ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ

មូន ពេជ្រ ដាក់ភ័ស្តុតាងបន្ថែម ប្តឹងថៃ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ

សហរដ្ឋអាមេរិក ៖ អតីតនិស្សិតខ្មែរ ជ័យលាភីបណ្ឌិតសភាយោធាអាមេរិក west point បច្ចុប្បន្នកំពុងបម្រើ ការងារនៅសហរដ្ឋអាមេរិក លោកមូន ពេជ្រ ដែលជាអ្នកដឹកនាំចលនាមួយរៀបចំឯកសារប្តឹងក្រុមយោធាថៃ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ជុំវិញបទឧក្រិដ្ឋរបស់មកលើប្រជាជនខ្មែរ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រកាសថា បន្ទាប់ពីពាក្យបណ្ដឹងកម្ពុជា ដែលប្ដឹងថៃ ពីបទឧក្រិដ្ឋលើពលរដ្ឋនិងប្រទេសកម្ពុជា នេះ បានដាក់ដល់ការិយាល័យរដ្ឋអាជ្ញា នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កាលពីពេលថ្មីៗនេះ ពេលនេះលោកបានដាក់ភ័ស្ដុតាងបន្ថែមទៀត ដើម្បីឲ្យកាន់តែមានការទម្ងន់នៅក្នុងការចោទប្រកាន់ថៃ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។

 លោក មូន ពេជ្រ បានបញ្ជាក់តាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ថា “ជនរួមជាតិ ជាទីគោរពនិងជាទីរាប់អាន! ពួកយើងបានរាយការណ៍បន្ថែមពីលើបណ្ដឹងចាស់របស់ពួកយើង ពីបទឧក្រិដ្ឋរបស់ពួកមេយោធា និងអ្នកដឹកនាំនយោបាយថៃ មកលើមាតុភូមិ និងប្រជាជនយើង ទៅកាន់កា រិយាល័យរដ្ឋអាជ្ញា នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ជាស្ថាពរ។ ពាក្យបណ្តឹងនេះ សរុបមានចំនួន 56ទំព័រ ដោយមិនរាប់បញ្ចូលបញ្ជីឈ្មោះអ្នកគាំទ្រឡើយ។ មិនថាលទ្ធផលយ៉ាងណា ពួកយើងនឹងទទួលយកទាំងអស់គ្នា។ ពួកយើងទាមទារយុត្តិធម៌ជូនប្រជាជាតិយើង មិនមែនដើម្បីការសងសឹកឡើយ។ ប្រជាជនយើង ត្រូវការសន្តិភាព មិនមែនសង្គ្រាមឈ្លានពាន។ ក្មេងៗត្រូវការការសិក្សា មិនមែនការភ័យខ្លាចឡើយ“ ។

 លោក មូន ពេជ្រ បានសរសេរបន្តថា “ទោះកម្ពុជា ជាប្រទេសតូច ប៉ុន្តែពួកយើងមានកិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់ពួកយើង។ ដូច្នេះចូរយើងបន្តខិតខំប្រឹងប្រែងចូលរួមការពារ និងជួយមាតុភូមិយើង ទៅតាមលទ្ធភាពនិងសមត្ថភាពរៀងៗខ្លួន ដើម្បីឲ្យជនរួមជាតិ និងកូនចៅជំនាន់ក្រោយរបស់ពួកយើង អាចរស់នៅប្រកបដោយសេចក្តីសុខ សន្តិភាព និងមោទនភាពជាតិ។ គិតត្រឹមពេលនេះ យើងទទួលបានអ្នកចូលរួមចំនួន 104,371 នាក់។ បងប្អូននៅតែអាចចូលរួមជាមួយយើងខ្ញុំ ដោយចុះហត្ថលេខាតាមរយ:តំណភ្ជាប់ខាងក្រោមនេះ ៖https://forms.gle/jA2XJsBWkRAuFyvZ9

សូមអរគុណ!“ ។

 គួររំលឹកថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ តំណាងឲ្យពលរដ្ឋខ្មែរ ទូទាំងពិភពលោក លោកមូន ពេជ្រ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងពួកមេយោធា និងអ្នកដឹកនាំនយោបាយថៃ ដែលពាក់ព័ន្ធពីបទឧក្រិដ្ឋ មកលើប្រជា ជនខ្មែរ និងប្រទេសកម្ពុជា ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ។

  ញត្តិ ឬពាក្យបណ្តឹង ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលលោក ពេជ្រ មូន បានដាក់ជូនរដ្ឋអាជ្ញា នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅទីក្រុងឡាអេ ប្រទេសហូឡង់ បានគោរពជូនការិយាល័យព្រះរាជអាជ្ញា តាមមាត្រា១៥ នៃលក្ខន្តិកៈទីក្រុងរ៉ូម ដែលចែងពីទំនាក់ទំនងតាមមាត្រា១៥ នៃលក្ខន្តិកៈទីក្រុងរ៉ូម ក្នុងការចោទប្រ កាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងការបំពានច្បាប់អន្តរជាតិ ដែលប្រព្រឹត្តដោយមេដឹកនាំនយោបាយ និងមេដឹក នាំនៃកងយោធពលខេមរភូមិន្ទថៃ ប្រឆាំងនឹងកម្ពុជា និងជនស៊ីវិលកម្ពុជា ។

 លិខិតរបស់លោក មូន ពេជ្រ បានបញ្ជាក់សង្កត់ធ្ងន់ថា “យោងតាមមាត្រា១៥ (១) នៃលក្ខន្តិកៈទីក្រុងរ៉ូម យើងខ្ញុំស្នើសុំដោយគោរពទៅកាន់ការិយាល័យរដ្ឋអាជ្ញា សូមទទួលស្គាល់ការទទួលការទំនាក់ទំនងនេះ, បើកការពិនិត្យបឋមលើស្ថានការណ៍នៅកម្ពុជា ទាក់ទងនឹងអំពើដែលប្រព្រឹត្តដោយមេដឹកនាំនយោបាយថៃ, វាយតម្លៃទំនួលខុសត្រូវឧក្រិដ្ឋកម្ម របស់មេដឹកនាំទាំងនោះ នៅក្រោមមាត្រា២៥ និង២៨ នៃលក្ខន្តិកៈទីក្រុងរ៉ូម សម្រាប់ការបញ្ជា ការអនុញ្ញាត ឬការខកខានក្នុងការទប់ស្កាត់ បង្ក្រាប ឬដាក់ទណ្ឌកម្មលើការប្រព្រឹត្តិឧក្រិដ្ឋកម្មទាំងនេះ, ពិចារណាចាប់ផ្តើមការស៊ើបអង្កេតពេញលេញមួយ នៅក្រោមមាត្រា១៥ និង៥៣ ដោយផ្អែកលើទម្ងន់ ទំហំ និងគំរូនៃការរំលោភដែលបានបង្ហាញ“ ។

 លិខិតរបស់លោក មូន ពេជ្រ បានបញ្ជាក់បន្ថែមចុងក្រោយថា “យើងឈរដើម្បីយុត្តិធម៌ មិនមែនជាការសងសឹកទេ។ យើងក្រោកឡើងរួមគ្នាដើម្បីសន្តិភាព សេចក្តីថ្លៃថ្នូរ និងការពារសិទ្ធិជាមូលដ្ឋានរបស់ប្រជាជនយើង ។ សូមឲ្យការទំនាក់ទំនងបញ្ជាក់ឡើងវិញថា ច្បាប់អន្តរជាតិ មិនមែនជានិមិត្តរូបទេ ប៉ុន្តែជាការការពារការរស់នៅនៃយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងសិទ្ធិមនុស្សសម្រាប់មនុស្សគ្រប់រូប បញ្ឈប់ជម្លោះគ្រប់ទីកន្លែងក្នុងពិភពលោក“ ។

  គួរបញ្ជាក់ថា ភ័ស្តុតាងដែលប្រជាពលរដ្ឋខ្មែរ ដឹកនាំដោយលោក មូន ពេជ្រ យកធ្វើមូលដ្ឋាន ក្នុងការចោទប្រកាន់លើការអនុញ្ញាតនិងដឹកនាំសកម្មភាពយោធាខុសច្បាប់ និងការបង្ខិតបង្ខំឈ្លានពានរបស់អ្នកមេដឹកនយោបាយ និងយោធាថៃ មកលើកម្ពុជា នោះ រួមមាន ៖

  ១. ប្រើប្រាស់គ្រាប់បែកចង្កោម ដែលបង្កគ្រោះថ្នាក់ដោយមិនរើសអើង និងមានផលប៉ះពាល់យូរអង្វែងដល់ប្រជាពលរដ្ឋស៊ីវិល និងបរិស្ថាន។

  ២. សម្លាប់និងការវាយប្រហារគោលដៅជនស៊ីវិល និងទីតាំងដែលត្រូវបានការពារ ដែលជាការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ។

  ៣. វាយប្រហារលើតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ប្រាសាទព្រះវិហារ ដែលជានិមិត្តរូបដ៏សំខាន់នៃបេតិកភណ្ឌវប្បធម៌កម្ពុជា។

៤. រំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ ចាប់ខ្លួននិងបន្តឃុំខ្លួនទាហានកម្ពុជា ចំនួន ១៨នាក់ ដោយខុសច្បាប់។

  ៥. ការដាក់ពង្រាយឧបករណ៍បញ្ចេញសំឡេងចម្ងាយឆ្ងាយ (LRADs) និងឧបករណ៍បញ្ចេញសំឡេងប្រភេទផ្សេងទៀត ប្រឆាំងនឹងជនស៊ីវិល ដែលបណ្តាលឱ្យប៉ះពាល់ត្រចៀក និងភាពតានតឹងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។

  ៦. ដាក់របាំងលួសបន្លា រារាំងផ្លូវដោយខុសច្បាប់ និងការបំផ្លាញទ្រព្យសម្បត្តិរបស់ជនស៊ីវិល ដោយចេតនា នៅក្នុងទឹកដីប្រទេសកម្ពុជា។

  ៧. ប្រើប្រាស់កាំភ្លើងគ្រាប់ជ័រ និងឧស្ម័នបង្ហូរទឹកភ្នែក ប្រឆាំងនឹងជនស៊ីវិល ដែលបណ្តាលឱ្យមានរបួស និងប្រើប្រាស់កម្លាំងដោយវិធីខុសច្បាប់ ប្រឆាំងនឹងជនស៊ីវិល ។

 ក្រៅពីបន្តដាក់ភ័ស្តុតាងបន្ថែម ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ លោកមូន ពេជ្រ ក៏បានដាក់លិខិតតវ៉ាជាផ្លូវការទៅកាន់សភា និងព្រឹទ្ធសភាអាមេរិក ដើម្បីប្ដឹងប្រទេសថៃ ពីការដែលយោធាថៃបានប្រើប្រាស់សព្វាវុធអាមេរិក ឈ្លានពានប្រទេសកម្ពុជា ដោយខុសច្បាប់ និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរមកលើប្រជាជនខ្មែរ ផងដែរ ។

 លោក មូន ពេជ្រ បញ្ជាក់ថា លិខិតនេះ បើទោះបីមិនអាចបញ្ឈប់សកម្មភាពរបស់យោធាថៃ ភ្លាមៗបាន ប៉ុន្តែវាជាសំឡេងរបស់ពួកយើង ទៅកាន់អន្តរជាតិ ឲ្យបានដឹងពីការឈ្លានពានដោយខុសច្បាប់របស់ថៃ មកលើប្រទេសកម្ពុជា និងឧក្រិដ្ឋកម្មរបស់ពួកគេ មកលើប្រជាជនខ្មែរ ។ ទោះកម្ពុជា ជាប្រទេសតូច ប៉ុន្តែកិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់ជាតិយើង ធំធេងណាស់។ ដូច្នេះយើងទាំងអស់គ្នា មានកាតព្វកិច្ចចូលរួមការពារមាតុភូមិយើង ទៅតាមលទ្ធភាពនិងសមត្ថភាពរៀងៗខ្លួន ដើម្បីឲ្យជនរួមជាតិ និងកូនចៅជំនាន់ក្រោយរបស់ពួកយើង អាចរស់នៅប្រកបដោយសេចក្តីសុខ សន្តិភាព និងមោទនភាពជាតិ ៕ កុលបុត្រ

RELATED ARTICLES