យ៉េមែន៖ ប្រភពផ្លូវការមួយបានឲ្យដឹងកាលពីថ្ងៃសុក្រថាមានមនុស្សជាង៤០នាក់រួមមានស្ត្រីនិងកុមារត្រូវបានបាញ់សម្លាប់នៅលើទូកមួយគ្រឿងដែលផ្ទុកជនភៀសខ្លួនសូម៉ាលីក្នុងសមុទ្រក្រហមឆ្ពោះទៅប្រទេសយេម៉ែន។
ភ្លាមៗនោះវាពុំទាន់មានភាពច្បាស់ការនៅឡើយទេចំពោះអ្នកដែលស្ថិតនៅពីក្រោយខ្នងការវាយប្រហារនេះ ។
ប្រភពបន្តថាជនភៀសខ្លួនជាច្រើននាក់នោះត្រូវាបនវាយប្រហារដោយអាវុធធុនស្រាលនៅលើដែនទឹកដែលស្ថិតនៅឆ្ងាយពីក្រុងធំបំផុតទី៤របស់យេម៉ែនដែលកាន់កាប់ដោយពួកឧទ្ទាម ប៉ុន្តែទូកនោះរៀបចំចូលចតនៅទីក្រុងកំពង់ផែនេះ។
អង្គការអន្តរជាតិទទួលបន្ទុកជនភៀសខ្លួនដែលបំពេញបេសកកម្មក្នុងប្រទេសយេម៉ែនបានថ្លែងថាសាកសពចំនួន៤២នាក់ត្រូវបានរកឃើញ។
ចំណែកមន្ត្រីកំពង់បានថ្លែងថាជនជាតិសូម៉ាលីជាច្រើននាក់ដែលនៅរស់រាន់ជីវិតពីការវាយប្រហារនោះ ក៏ដូចជាឈ្មួញទុច្ចរិត៣នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់ពន្ធនាគារក្រុងតែម្តង ។ រីឯមនុស្សជាង៣០នាក់ផ្សេងទៀតដែលរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ ។
គួរបញ្ជាក់ថាទីភ្នាក់ងារ Saba ដែលគ្រប់គ្រងដោយពួកឧទ្ទាមបានចោទប្រកាន់សម្ព័ន្ធមិត្តដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតជាអ្នកវាយប្រហារលើជនភៀសខ្លួនទាំងនោះពីដែនអាកាស ប៉ុន្តែក្រុមការងារពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយជុំវិញការលើកឡើងបែបនេះ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា