សូម៉ាលី៖ បណ្តាញព័ត៌មានចិនផ្សាយថាយុទ្ធជនក្រុមអាល់សាបាប់៧នាក់បានស្លាប់បាត់បង់ជីវិតក្នុងអំឡុងពេលប្រយុទ្ធគ្នាដ៏សាហាវមួយជាមួយនិងកងទ័ពសូម៉ាលីកាលពីរាត្រីថ្ងៃសៅរ៍នៅក្បែរតំបន់ Bay ភាគនិរតីប្រទេស។
មន្ត្រីក្នុងស្រុកបានឲ្យដឹងថាទាហានមួយចំនួនដែលមកពីជួរកងទ័ពជាតិសូម៉ាលីក៏បានរងរបួសផងដែរក្នុងអំឡុងពេលផ្ទុះអាវុធដាក់គ្នាពេញមួយរាត្រីជាមួយនិងក្រុមសកម្មប្រយុទ្ធដែលមានទំនាក់ទំនងនិងពួកអាល់កៃដា(អាល់សាបាប់) ។
រដ្ឋមន្ត្រីទទួលបន្ទុកស្តារនីតិសម្បទាកងជីវពលក្នុងរដ្ឋ South West លោក Hassan Hussein Mohame បានអះអាងប្រាប់សារព័ត៌មានចិនស៊ីនហួរកាលពីថ្ងៃអាទិត្យថាក្រុមសកម្មប្រយុទ្ធអាល់សាបាប់ចំនួន៧នាក់បានស្លាប់បាត់បង់ជីវិតក្នុងការប៉ះទង្គិចគ្នានេះ។
បើតាមលោក Mohamed ពួកគេត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការមួយដែលចំណាយពេលអស់ជាច្រើនម៉ោងនៅក្បែរតំបន់ Qansah-dhere ខណៈមន្ត្រី៦នាក់មកពីជួរកងទ័ពជាតិសូម៉ាលីក៏រងរបួសផងដែរ។
មួយវិញទៀតកងទ័ពជាតិសូម៉ាលីក៏ជាប់ពាក់ព័ន្ធនៅក្នុងការបញ្ជូនជំនួយសម្បុរសធម៌ទៅកាន់ជនរងគ្រោះដែលជួបគ្រោះរាំងស្ងួតនៅតំបន់ភាគនិរតីប្រទេសសូម៉ាលីផងដែរ។
ក្រុមសកម្មប្រយុទ្ធអាល់សាបាប់
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា