Thursday, May 15, 2025
Homeព័ត៌មានអន្តរជាតិប្រយុទ្ធគ្នា​ នៅ​មូលដ្ឋាន​ទ័ព អាហ្វហ្គានីស្ថានស្លាប់ ទាហាន៣ ភេរវករ១១នាក់​

ប្រយុទ្ធគ្នា​ នៅ​មូលដ្ឋាន​ទ័ព អាហ្វហ្គានីស្ថានស្លាប់ ទាហាន៣ ភេរវករ១១នាក់​

អាហ្វហ្គានីស្ថាន៖ មន្ត្រីក្នុងស្រុក​បាន​ថ្លែងនៅថ្ងៃច័ន្ទនេះថា​យ៉ាងហោច​ណាស់​មាន​ទាហាន​៣នាក់​និង​សមាជិកក្រុមសកម្មប្រយុទ្ធ​១១នាក់​ត្រូវបាន​សម្លាប់​ក្នុងអំ​ឡុងពេល​ប៉ះទង្គិចគ្នា​មួយប្រាវ​ដ៏​គួរឲ្យ​រន្ធត់មួយ​នៅ​ជាយក្រុង Tirin Kot ទីរួមខេត្ត​ភាគខាងត្បូង Uruzgan របស់ប្រទេស​អាហ្វហ្គានីស្ថាន​ពេញមួយរាត្រី​។

អ្នកនាំពាក្យ​រដ្ឋាភិបាលខេត្ត​ខាងលើលោក Doust Mohammad បានថ្លែងប្រាប់​ស៊ីនហួរថា​ក្រុមសកម្មប្រយុទ្ធ​​ជាប្រដាប់ដោយអាវុធជាច្រើននាក់​បាន​បើកការ​វាយ​ប្រហារ​មកលើ​មូលដ្ឋានយោធាមួយកន្លែងក្នុងតំបន់​ ​Khorma ក្រុង Tirin Kot ដែលជំរុញឲ្យមានការ​ផ្ទុះអាវុធដាក់គ្នា​បណ្តាលទាហាន​៣នាក់​និង​ក្រុមប្រដាប់​អាវុធ​១១នាក់​ស្លាប់បាត់បង់ជីវិត​កាលពីរាត្រីថ្ងៃអាទិត្យ ។

លោកបានថ្លែងថា​ក្រុមឧទ្ទាម​ដែល​ជាប់ពាក់ព័ន្ធនិងការវាយប្រហារ​នេះ​គឺជា​ក្រុម​ជ្រុលនិយម​តាលីបង់​។

ពួកខ្មាន់កាំភ្លើង​ទាំងនោះក៏ត្រូវបានគេជឿជាក់ថា​បាន​គ្រប់គ្រង​មូលដ្ឋាននេះ​អស់​រយៈ​ពេលជាច្រើនម៉ោង​ផងដែរ​មុន​នឹង​ការមកដល់​របស់​កងកម្លាំង​ជំនួយ​កាលពី​​ប៉ុន្មានម៉ោង​មុននឹងឈានចូលដល់ថ្ងៃច័ន្ទនេះ​។

ទាហាន​មួយចំនួនក៏ត្រូវបាន​ចាប់ខ្លួនដោយ​ពួកសកម្មប្រយុទ្ធ​ផងដែរ​ក្នុង​ការ​វាយប្រហារ​នោះ​នេះ​បើតាម​ការឲ្យដឹងពីលោក Obaidullah Barakzai តំណាងម្នាក់​មកពី​​សភាជាន់ទាបខេត្ត Uruzgan បានថ្លែងទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ​។

ជាងនេះទៅទៀត​កងកម្លាំងជំនួយ​ដែលបានមកដល់​កន្លែងកើតហេតុ​កាលពី​ព្រឹក​ថ្ងៃច័ន្ទ​ ។ ពួកគេ​កំពុងព្យាយាម​ដណ្តើមយកមូលដ្ឋានទ័ពនេះមកវិញ​ហើយ​ថែមទាំងបើកប្រតិបត្តិការ​ស្រាវជ្រាវ​មួយ​ក្នុងការស្វែងរក​និង​ជួយ​សង្គ្រោះ​ដល់​ទាហាន​ដែល​ត្រូវបានគេចាប់យកទៅនោះ​ទៀតផង ។

អំពើហិង្សា​បាន​កើនឡើង​ចាប់តាំងពី​ការដក​កម្លាំង​បរទេស​ចេញ​ក្នុងអំឡុងពេល​ពីរឆ្នាំនេះ​ស្របពេល​ដែលកងកម្លាំងសន្តិសុខ​អាហ្វហ្គានីស្ថាន​ពុះ​ពារ​ប្រឆាំង​និង​ការ​រីករាលដាលនៃការវាយប្រហារ​ពីសំណាក់​ក្រុមសកម្មប្រយុទ្ធ​ប្រឆាំងនិង​រដ្ឋាភិបាល​។

គួររំលឹកថា​កាលពីថ្ងៃសុក្រ​ទាហាន​អាហ្វហ្គានីស្ថានម្នាក់​​ត្រូវបានសម្លាប់​និង​មនុស្ស​២០នាក់​ទៀត​រងរបួស​បន្ទាប់ពី​ក្រុមតាលីបង់​បាន​បំផ្ទុះគ្រាប់បែកក្នុង​រថយន្ត​មួយគ្រឿង​នៅ​មូលដ្ឋានកងទ័ពមួយកន្លែងនៅ​ខេត្ត​ Khost ភាគខាងកើត​ប្រទេស​ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES