Friday, February 27, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអភិបាលរាជធានីភ្នំពេញ ប្តេជ្ញាសម្អាតឱ្យអស់ត្រឹមខែមីនា បទល្មើសឆបោកអនឡាញ

អភិបាលរាជធានីភ្នំពេញ ប្តេជ្ញាសម្អាតឱ្យអស់ត្រឹមខែមីនា បទល្មើសឆបោកអនឡាញ

ភ្នំពេញៈ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសប្តេជ្ញាបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យអស់ពីមូលដ្ឋានរាជធានីភ្នំពេញ នៅត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៦។

ការប្តេជ្ញាបែបនេះ បានធ្វើឡើងក្នុងឱកាសបើកកិច្ចប្រជុំតាមដានការអនុវត្តការងារគ្រប់គ្រង សន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ និងការងារបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។

លោកឃួង ស្រេង បញ្ជាក់ថា តាមអនុសាសន៍ណែនាំរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា អាជ្ញាធរនិងសមត្ថកិច្ច ត្រូវតែប្រយុទ្ធប្រឆាំងនិងបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ព្រោះប្រទេសកម្ពុជា ទទួលយកតែសេដ្ឋកិច្ចពណ៌ស មិនមែនប្រផេះឬខ្មៅទេ។

លោកឃួង ស្រេង បានបន្តថា “តាមផែនការរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺបានណែនាំឱ្យអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវតែប្រយុទ្ធប្រឆាំងនិងបោស សម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នេះ ឱ្យអស់ត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៦ នេះ។ សូមស្នើឱ្យកងកម្លាំងប៉ូលិស និងកងរាជអាវុធហត្ថ បង្កើនកិច្ចការងារស្រាវជ្រាវនិងតាមដានព័ត៌ មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឈានទៅដល់ការបោសសម្អាតនិងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រ ព័ន្ធបច្ចេកវិទ្យានេះ ឱ្យអស់ពីរាជធានីភ្នំពេញ ដោយធានាថា ដល់ខែមីនា ត្រូវតែស្អាត”។

លោកឃួង ស្រេង បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបង្កើតក្រុមការងារបោសសម្អាតនិងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ចំនួន៦ក្រុម ដូច្នេះស្នើឱ្យក្រុមទាំង៦ ចុះអនុវត្តការងារព្រមៗគ្នាតែម្តង នៅតំបន់ណាដែលយើងត្រូវ អនុវត្ត។ ក្រោយតំបន់នោះ យើងសម្អាតអស់ហើយ ទើបយើងបន្តទៅតំបន់មួយទៀត សំដៅធ្វើយ៉ាងណា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវតែស្អាតនៅពាក់កណ្តា លខែមីនានេះ។

លោកឃួង ស្រេង ក៏បានណែនាំឱ្យខណ្ឌទាំង១៤ ត្រូវម្ចាស់ការក្នុងការបោសសម្អាតនិងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ល្បែងស៊ីសងគ្រប់ប្រភេទន និងគ្រឿងញៀន ផងដែរ ពោលគឺត្រូវអនុវត្តគោលន យោបាយភូមិ-សង្កាត់មានសុវត្ថិភាព ឱ្យបានល្អ។

លោកឃួង ស្រេង បានណែនាំថា ក្រោយបេសកកម្មនៃការបោសសម្អាតនិងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នេះ អស់ពីភ្នំពេញ ហើយ រាល់ការផ្ទេរ លក់ ជួលទីតាំង ខុនដូ អាផាតមិនផ្សេងៗ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដាច់ខាតត្រូវតែមានលិខិតស្នាមពីអាជ្ញាធរមូលដ្ឋាន ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង៕

RELATED ARTICLES