Friday, March 6, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមថ្ងៃចូលរោងការ ខ្យល់កន្ត្រាក់ បាក់រលំរោង

ថ្ងៃចូលរោងការ ខ្យល់កន្ត្រាក់ បាក់រលំរោង

ខេត្តកំពង់ស្ពឺ ៖ រោងការមួយកន្លែង បានសាងសង់រួចរាល់ ត្រៀមចូលរោងការ  ស្រាប់តែមានភ្លៀង ១មេធំ លាយខ្យល់កន្ត្រាក់ បោកបក់យ៉ាងខ្លាំង បណ្តាលបាក់រលំរោងការ រាបដល់ដី និងធ្វើឱ្យផ្ទះប្រជាពលរដ្ឋ បានបាក់រលំ ចំនួន៣ខ្នង ខណៈដែលផ្ទះ រាប់សិបខ្នងទៀត រងការខូចខាត របើកដំបូល បាក់សំយាប តែសំណាងល្អ មិនបណ្តាលឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះឡើយ។

ហេតុការណ៍គ្រោះធម្មជាតិ ភ្លៀងខ្យល់កន្ត្រាក់ បាក់រលំរោងការនិងផ្ទះនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៣០រសៀល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅក្នុងឃុំសង្កែសាទប ស្រុកឱរ៉ាល់។

យោងតាមរបាយការណ៍របស់អាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា កាលពីវេលាម៉ោង ១និង៣០រសៀល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅក្នុងឃុំសង្កែសាទប ស្រុកឱរ៉ាល់ មានករណីខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ ធ្វើឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ រលំនិងរបើកដំបូល ចំនួន៣ភូមិ ក្នុងឃុំសង្កែស្រទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងនោះក៏មានបាក់រលុះរោងការ មួយកន្លែងផងដែរ។

របាយការណ៍ដដែល បន្តថា ភូមិទាំង៣ ដែលរងផលប៉ះពាល់ រួមមាន ទី១-ភូមិតាម៉ិញ ឃុំសង្កែស្រទាប រងការខូចខាត រលំផ្ទះ ចំនួន៣ខ្នង ដាច់សំយាបផ្ទះ ចំនួន២ខ្នង របើកដំបូលក្បឿងចំនួន៣០ខ្នង រលំរោងការ ចំនួន១ រោង បាក់រលំផ្លាកគណបក្ស ចំនួន១ផ្ទាំង និងបាក់រលំផ្លាកយីហោភេសជ្ជៈ ចំនួន២ផ្ទាំង។ ទី២-ភូមិតាំងស្រឹង ឃុំសង្កែស្រទាប ខូចខាតផ្ទះប្រជាពលរដ្ឋរបើកដំបូលក្បឿង ចំនួន៣ខ្នង របើកដំបូលស័ង្កសី ចំនួន០៣ខ្នង និងបាក់ រលំផ្លាកផ្លាកគណបក្ស ចំនួន១ផ្ទាំង និងទី៣-ភូមិស្រែវៀន ឃុំសង្កែស្រទប រងការខូចខាត ផ្ទះប្រជាពលរដ្ឋ របើកដំបូលក្បឿង ចំនួន៤ខ្នង និងរបើកដំបូលស័ង្កសី ចំនួន១៦ខ្នង។

អាជ្ញាធរស្រុកឱរ៉ាល បានបញ្ជាក់ថា សរុបរួម ហេតុការណ៍គ្រោះធម្មជាតិ ភ្លៀងលាយខ្យល់កន្ត្រាក់នេះ បង្កការប៉ះពាល់ក្នុងឃុំសង្កែសាទប សរុបចំនួន ៣ភូមិ បណ្តាលឱ្យខូចខាតសរុប  រលំផ្ទះ ចំនួន៣ខ្នង ដាច់សំយាបផ្ទះ ចំនួន២ខ្នង របើកដំបូលក្បឿង ចំនួន៣៧ខ្នង របើកដំបូលស័ង្កសី ចំនួន១៩ខ្នង រលំរោងការ ចំនួន១រោង។ បាក់រលំផ្លាកគណបក្ស ចំនួន២ផ្ទាំង និងបាក់រលំស្លាកយីហោភេសជ្ជៈ ចំនួន២ផ្ទាំង។

ទោះបីជាយ៉ាងណា ករណីភ្លៀងលាយខ្យល់កន្ត្រាក់ នៅក្នុងស្រុកឱរ៉ាល់ ដែលបណ្តាលឱ្យបាក់រលំផ្ទះ របើកដំ បូល បាក់រលំរោងការ និងផ្ទាំងប៉ាណូ ខាងលើនេះ មិនបង្កឱ្យមានការរងរបួស ឬគ្រោះថ្នាក់ដល់មនុស្ស និងសត្វនោះទេ៕

RELATED ARTICLES