ខេត្តកណ្តាល ៖ ជនសង្ស័យជាជាងជួសជុលម៉ាស៊ីនទឹកកក ម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ករណីរំលោភទំនុកចិត្ត ស៊ីដាច់ប្រាក់កក់ ១៥ ៥០០ដុល្លារ សន្យាជួសជុលម៉ាស៊ីនទឹកកក តែពេលបានទទួលប្រាក់ បែជាគេចវេះ មិនព្រមធ្វើឱ្យ។

ការឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងកាលពីវេលាម៉ោង ៨យប់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅចំណុចរោងសិប្ប កម្មផលិតទឹកកក ស្ថិតក្នុងភូមិកោះកែវលើ ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

ជនរងគ្រោះ មានឈ្មោះ កាំង ហ៊ីម ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរម្ចាស់សិប្បកម្មផលិតទឹកកក មានលំនៅ ភូមិកោះកែវលើ ឃុំកោះកែវ ស្រុកល្វាឯម។ ចំពោះផលប៉ះពាល់ បាត់បង់ទឹកប្រាក់ ចំនួន ១៥ ៥០០ដុល្លារ។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ ព្រំ វិរៈ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងជួសជុល ម៉ាស៊ីនទឹកកក មានលំនៅ ភូមិខ្លែងពណ៌ត្បូង ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ រីឯវត្ថុតាងចាប់យក រួមមាន ទូរស័ព្ទ ចំនួន២គ្រឿង និងរថយន្តម៉ាកតូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2Q-3279 ចំនួន ០១គ្រឿង (ជារបស់ជនសង្ស័យ)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ជនរងគ្រោះ បានជួលឱ្យជនសង្ស័យ មកជួសជុលម៉ាស៊ីនផលិតទឹកកក របស់ខ្លួន ក្នុងកិច្ចព្រមព្រៀងចុះកុងត្រា តម្លៃជួសជុល ថែមគ្រឿងម៉ានស៊ីន សរុបចំនួន ១៩ ០០០ដុល្លារ ក្នុងរយៈ ពេលជួសជុលចំនួន ៩០ថ្ងៃ ឱ្យហើយទាំងស្រុង ដោ យប្រាក់កក់ បានចាប់ផ្តើមពីថ្ងៃចុះកុងត្រាដំបូង ជាបន្តបន្ទាប់ រហូតមកដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ជនរងគ្រោះបានបង់ប្រាក់កក់ សរុបចំនួន ១៥ ៥០០ដុល្លារ ទើបឃើញជនសង្ស័យ បានមករុះរើម៉ាស៊ីន កាត់ដំបូល និងបានដាក់សម្ភារៈមួយចំនួន ហើយក៏ទៅបាត់ទៀត ដោយជនរងគ្រោះ បានព្យាយាមទូរស័ព្ទហៅជនសង្ស័យ ឱ្យមកជួសជុលបន្ត តែជនសង្ស័យ តែងតែរកលេសរហូត មិនព្រមមកធ្វើការងារ។
លុះមកដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ជនរងគ្រោះបានទូរស័ព្ទហៅជនសង្ស័យ មកនិយាយរឿងធ្វើម៉ាស៊ីនទឹក កក បន្ថែមមួយគ្រឿងទៀត ទើបជនសង្ស័យ ព្រមមកជួបជនរងគ្រោះ ពេលនោះ ក៏ត្រូវជនរងគ្រោះ ដាក់ពាក្យប្តឹងសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានទទួលប្រាក់កក់ ចំនួន៤លើក សរុបចំនួន ១៥ ៥០០ដុល្លារ និងទទួលស្គាល់ថា មិនបានអនុវត្តតាមកិច្ចសន្យាដែលព្រមព្រៀងគ្នាប្រាកដមែន។ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕