Saturday, March 14, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម្ចាស់ផ្ទះចោទលួច ៥០០ដុល្លារ ចោរប្រកែកថា លួចបានតែកាំបិត-កាំភ្លើង

ម្ចាស់ផ្ទះចោទលួច ៥០០ដុល្លារ ចោរប្រកែកថា លួចបានតែកាំបិត-កាំភ្លើង

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកគងពិសី ធ្វើការឃាត់ខ្លួន តាមបណ្តឹងរបស់ជនរងគ្រោះ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពហែកស័ង្កសីផ្ទះ លួចទ្រព្យសម្បត្តិ និងលុយ ចំនួន៥០០ ដុល្លារ។ ប៉ុន្តែជនសង្ស័យឆ្លើយថា លួចបានតែកូនកាំបិត និងកាំភ្លើងខ្យល់ តែប៉ុណ្ណោះ ។

នគរបាលស្រុកគងពិសី បានឱ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យ នៅវេលាម៉ោង ១២និង៤៩នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំរកាកោះ បានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ សៅ សំអុន ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិរកាកោះ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលបានប្តឹងជនសង្ស័យ ឈ្មោះជឿន កាន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិរកាកោះ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ថាបានធ្វើសកម្មភាពហែកជញ្ជាំងស័ង្កសីផ្ទះរបស់ខ្លួន ចូលលួចលុយ ចំនួន៥០០ដុល្លារ និងសម្ភារៈផ្សេងៗក្នុងផ្ទះ មួយចំនួនទៀត។

នគរបាលស្រុកគងពិសី បានបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរកាកោះ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាកសួរ។

នៅអធិការដ្ឋាននគបាលស្រុក ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពហែកជញ្ជាំងស័ង្កសី ចូលរើអីវ៉ាន់ក្នុងទូដាក់សម្លៀកបំពាក់ និងកន្ត្រកដាក់ខោអាវ ប្រាកដមែន ដោយលួចបានកាំបិតចុងស្រួច ០១ដើម កាំភ្លើងខ្យល់ ១ដើម ប៉ុណ្ណោះ ចំណែកលុយ រកមិនឃើញនោះទេ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

RELATED ARTICLES