សមុទ្រចិនខាងកើត៖ មន្ត្រីការពារជាតិអាមេរិកថ្លែងប្រាប់ CNN ថាមន្ត្រីចិនបានព្រមានដល់សហរដ្ឋអាមេរិកដែលប្រើយន្តហោះចម្បាំងហោះឆ្វែលកៀកនឹងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យ ដោយចិនថ្លែងប្រាប់ភីឡុតរបស់ខ្លួនថាពួកគេបាននិងកំពុងប្រតិបត្តិការក្នុងដែនអាកាសចិនដោយខុសច្បាប់ហើយមន្ត្រីរូបនោះថែមទាំងបង្គាប់ឲ្យយន្តហោះអាមេរិកចាកចេញភ្លាម។
យោងតាមអ្នកនាំពាក្យកងទ័ពជើងអាកាសសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកលោកវរសេនីយ៍ Phil Ventura ភីឡុតរបស់យន្តហោះទម្លាក់គ្រាប់បែក B-1B របស់ទ័ពអាកាសអាមេរិកបានឆ្លើយតបទៅនឹងក្រុមអ្នកត្រួតពិនិត្យការចរាចរណ៍តាមដែនអាកាសរបស់ចិនដោយបញ្ជាក់ថាពួកគេបាននិងកំពុងដឹកនាំប្រតិបត្តិការតាមទម្លាប់ដែលធ្លាប់ធ្វើដូចសព្វមួយដងតែប៉ុណ្ណោះនៅក្នុងដែនអាកាសអន្តរជាតិហើយមិនបានងាកចេញពីផ្លូវហោះហើររបស់ពួកគេឡើយ ។
យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រទាំងនោះបានហោះចូលមកកាន់តំបន់ដែលគេកំណត់អត្តសញ្ញាណថាជាតំបន់ការពារដែនកាសរបស់ចិនក្នុងសមុទ្រចិនខាងកើត ដែលគ្របដណ្តប់លើប្រជុំកោះមានជម្លោះនិងត្រួតស៊ីគ្នាជាមួយនិងដែនអាកាសដែលត្រូវបានអះអាងទាមទារដោយជប៉ុននិងកូរ៉េខាងត្បូងទៀតផង។
តែយ៉ាងណាការប្រកាសអំពីតំបន់ការពារដែនអាកាសរបស់ចិននៅត្រង់ចំណុចនេះរដ្ឋាភិបាលអាមេរិកនិងជប៉ុនមិនបានទទួលស្គាល់ចំពោះការអះអាងរបស់ចិននៅតំបន់នោះឡើយ ។
មន្ត្រីអ្នកនាំពាក្យទ័ពអាកាសអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលើនេះថែមទាំងបានប្រាប់ CNN ទៀតថាកងទ័ពអាកាសអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកមិនដែលទទួលស្គាល់តំបន់ការពារដែនអាកាសដែលកំណត់អត្តសញ្ញាណថាជារបស់ចិននោះឡើយស្របពេលដែល ចិនបានប្រកាសតំបន់នោះជារបស់ខ្លួនក្នុងអំឡុងខែវិច្ឆិកាឆ្នាំ២០១៣ ហើយមកដល់សព្វថ្ងៃនេះទ័ពអាកាសអាមេរិកមិនទទួលស្គាល់ឡើយ ។
គួររំលឹកថាភាពតានតឹងបានផ្ទុះឡើងជាច្រើនលើកច្រើនសារមកហើយអំពីករណីកោះ Senkaku ដែលចិនហៅថាជាកោះ Diaoyu ដោយមានការប្រឈមមុខដាក់ក្នុងរវាងយន្តហោះនិងនាវាចម្បាំងចិននិងជប៉ុន ។ ចំណែកការហោះឆ្វែលរបស់យន្តហោះចម្បាំងអាមេរិកគឺជាបេសកកម្មហ្វឹកហាត់ជាមួយនិងយន្តហោះយោធាជប៉ុននិងកូរ៉េខាងត្បូង ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា