សមុទ្រចិនខាងត្បូង៖ នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានថ្លែងនៅថ្ងៃសុក្រនេះថាចិនមិនកំពុងធ្វើយោធូនីយកម្មនៅសមុទ្រចិនខាងត្បូងឡើយ បើទុកជាលោកទទួលស្គាល់ថាឧបករណ៍ការពារនៅតាមបណ្តាកោះលើដែនទឹកជម្លោះត្រូវបានដាក់នៅទីនោះដើម្បីរក្សាសេរីភាពនៃការធ្វើនាវាចរណ៍យ៉ាងណាក្តី ។
ចិនបានរងការរិះគន់ពីសំណាក់អន្តរជាតិចំពោះសំណង់ទ្រង់ទ្រាយធំនៅក្នុងសមុទ្រចិនខាងត្បូង ថ្វីត្បិតតែលោក Li បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងប្រទេសអូស្ត្រាលីជុំវិញការអភិវឌ្ឍនៅទីនោះគឺសម្រាប់បម្រើឲ្យវត្ថុបំណងនៃជនស៊ីវិលតែក្តី ។
លោក Li បានបន្តថាការអភិវឌ្ឍកោះថ្មប៉ប្រះទឹក និងប្រជុំកោះនានារបស់ចិនគឺជាបឋមសម្រាប់បម្រើឲ្យវត្ថុបំណងនៃជនស៊ីវិល ហើយបើទោះជានៅទីនោះមានឧបករណ៍ក៏ដូចយុទ្ធោបករណ៍ការពារជាតិយ៉ាងណាក៏ដោយ ក៏វាសម្រាប់រក្សានូវសេរីភាពនៃការធ្វើនាវាចរណ៍។
សូមបញ្ជាក់ថាសហរដ្ឋអាមេរិកបានវាយតម្លៃថារដ្ឋាភិបាលក្រុងប៉េកាំងបានសាងសង់បន្ថែមនូវផ្ទៃដីជាង១.៣០០ហិចតានៅលើតំបន់សំខាន់ៗមួយក្នុងសមុទ្រចិនខាងត្បូងជាង៣ឆ្នាំមកនេះ ដូចជាការសង់កំពង់ផែ ផ្លូវរត់របស់យន្តហោះ ព្រលានយន្តហោះ និងឧបករណ៍ទូរគមនាគមន៍ជាដើម។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា