បង់ក្លាដែស៖ កងកុម្ម៉ង់ដូរបស់កងទ័ពបង់ក្លាដែសបានបាញ់សម្លាប់ជនសង្ស័យជាក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាមពីរនាក់នៅកន្លែងលាក់ខ្លួនមួយរបស់ពួកគេក្នុងភាគឦសានប្រទេសកាលពីថ្ងៃអាទិត្យ មួយថ្ងៃបន្ទាប់ពីមនុស្ស៦នាក់បានស្លាប់បាត់បង់ជីវិតក្នុងការបំផ្ទុះគ្រាប់បែកពីសំណាក់ក្រុមនេះ។
លោកឧត្តមសេនីយ៍ត្រី Fakhrul Ahsan បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុង Sylhet ថាកងកុម្ម៉ង់ដូរបស់យើងអាចគ្រប់គ្រងបានយុទ្ធជនពីរនាក់របស់ក្រុមភេរវករប្រកបដោយប្រសិទ្ធភាព។ យើងអាចអះអាងបានថាអ្នកទាំងពីរនោះត្រូវបានបាញ់សម្លាប់នៅនឹងកន្លែងកើតផ្ទាល់តែម្តង ។
លោកបន្តថាកងកម្លាំងពិសេសយើងមានប្រដាប់ដោយអាវុធបំពាក់មកជាមួយដោយឧបករណ៍បាញ់គ្រាប់រុក្កែតក៏ដូចជាកាំភ្លើងរ៉ាហ្វាល់និងបានបាញ់សំដៅចំជនអត្តឃាតដែលមានគ្រឿងផ្ទុះជាប់ខ្លួននៅត្រង់ជាន់ផ្ទាល់ដីនៃអគារកម្ពស់៥ជាន់មួយ ។ ក្រោយមកជនអត្តឃាតដែលមានពាក់គ្រឿងផ្ទុះជាប់ខ្លួនក៏បានស្លាប់បាត់បង់ជីវិតនៅពេលកងកម្លាំងយើងបាញ់ត្រូវនិងផ្ទុះគ្រឿងផ្ទុះនោះតែម្តង។
ទោះជាយ៉ាងណាលោកឧត្តមសេនីយ៍ Ahsan បានថ្លែងថាប្រតិបត្តិការនេះបាននិងកំពុងបន្តធ្វើឡើងនៅឡើយដោយសារតែមានបក្សពួករបស់ក្រុមភេរវកជាច្រើននាក់ដែលប្រដាប់ដោយអាវុធនិងគ្រឿងផ្ទុះនៅតែលាក់ខ្លួនក្នុងអគារដែលពួកគេទុកសម្រាប់កែច្នៃគ្រឿងផ្ទុះដដែល ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា