សុីរី៖ អ្នកនាំពាក្យកងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយជនជាតិឃឺត (SDF) ប្រាប់សារព័ត៌មានចិនស៊ីនហួរឲ្យដឹងថាទ័ពស៊ីរី (SDF) វាយដណ្តើមយកអាកាសយន្តដ្ឋាន Tabqa បានទាំង ស្រុង ហើយកាលពីថ្ងៃអាទិត្យ តាមរយៈការធ្វើសង្គ្រាមជាមួយនិងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមឬអាយស៊ីស ។
លោក Talal Silo អ្នកនាំពាក្យទ័ពស៊ីរី (SDF) បានបញ្ជាក់ទៀតថាព្រលានយន្តហោះ Tabqa មានទីតាំងស្ថិតក្នុងទីក្រុងមួយដែលមានឈ្មោះស្រដៀងគ្នានឹងតំបន់ជនបទភាគខាងលិច Raqqa ដូច្នោះដែរ វាជាមូលដ្ឋានទ័ពអាកាសទី១ដែលត្រូវបានគ្រប់គ្រងដោយក្រុមកងកម្លាំងដឹកនាំដោយជនជាតិឃឺត ។ លើសពីនេះព្រលានយន្តហោះនេះដែរនឹងត្រូវបានប្រើប្រាស់ដើម្បីដឹកនាំជំនួយមនុស្សធម៌ទៅកាន់តំបន់នោះឬមួយក៏ជាមូលដ្ឋានសម្រាប់ដឹកជញ្ជូនអ្នកដំណើរជាដើម ។
មិនតែប៉ុណ្ណោះលោកថែមទាំងបានកត់សម្គាល់ថាវាក៏ត្រូវបានប្រើប្រាស់សម្រាប់យោធានិងជនស៊ីវិលទៀតផង។ តែព្រលានមួយនេះចាំបាច់ត្រូវតែធ្វើការជួសជុល ដោយគ្មានការលម្អិតថាតើសហរដ្ឋអាមេរិកនឹងប្រើវាជាមូលដ្ឋានទ័ពរបស់ខ្លួនឬយ៉ាងណានោះឡើយ ។
កងកម្លាំងស៊ីរីបានចូលកាន់កាប់អាកាសយានដ្ឋាននេះកាលពីព្រឹកថ្ងៃអាទិត្យហើយបានបើកការប្រយុទ្ធយ៉ាងខ្លាំងក្លាជាមួយនិងក្រុមអាយស៊ីសក្នុងតំបន់នោះនិងជុំវិញទីតាំងបរិវេណជុំវិញព្រលានតែម្តង ។ ហើយការសម្រេចបានជោគជ័យក្នុងការវាយបណ្តេញពួកអាយស៊ីសចេញគឺមកពីការជួយជ្រុមជ្រែងពីសំណាក់ក្រុមសម្ព័ន្ធមិត្តប្រឆាំងភេរវកម្មដឹកនាំដោយអាមេរិកនិងក្រុមកងកម្លាំងជនជាតិឃឺតនៅភាគខាងជើងស៊ីរី។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា