សុីរី៖ ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថាកងទ័ពស៊ីរីកាលពីថ្ងៃពុធបានវាយដណ្តើមយកក្រុង Deir Hafer ដែលជាមូលដ្ឋានដ៏ធំមួយរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងតំបន់ជនបទភាគខាងកើតខេត្តអាលីប៉ូដែលស្ថិតក្នុងភាគខាងជើងប្រទេសស៊ីរី ។
ប្រភពឲ្យដឹងថាការដណ្តើមកាន់កាប់ក្រុងខាងលើបានធ្វើឡើងមួយសប្តាហ៍ក្រោយពីកងទ័ពស៊ីរីធ្វើការឡោមព័ទ្ធក្រុងនេះដោយលើកហេតុផលថាជាយុទ្ធនាការយោធាទ្រង់ទ្រាយធំមួយប្រឆាំងនិងទីតាំងឈរជើងរបស់ក្រុមអាយស៊ីសក្នុងភាគខាងកើតនៃទីជនបទខេត្តអាលីប៉ូ ។
ទីភ្នាក់ងារព័ត៌មាន SANA បានឲ្យដឹងថាកងទ័ពរបស់ស៊ីរីបានដណ្តើមយកក្រុងនិងភូមិចំនួន២៧នៅជុំវិញក្រុង Deir Hafer ហើយថែមទាំងរំដោះបាននូវផ្លូវ Highway ២៤គីឡូម៉ែត្រដែលតភ្ជាប់ខេត្តអាលីប៉ូជាមួយនិងខេត្ត Raqqa ។
ថ្មីៗនេះកងទ័ពស៊ីរីកំពុងរុលទៅមុខឆ្ពោះទៅវាយដណ្តើមយកក្រុង Maskaneh ដែលជាក្រុងចាស់ធ្លាប់ស្ថិតក្រោមការត្រួតត្រារបស់ក្រុមអាយស៊ីសនៅក្នុងភាគខាងកើតទីជនបទអាលីប៉ូ ។
ការដណ្តើមយកក្រុង Deir Hafer និងការរុលឆ្ពោះទៅកាន់ក្រុង Maskaneh នឹងនាំឲ្យទ័ពស៊ីរីធ្វើដំណើរតាមផ្លូវឆ្លងកាត់តាមក្រុង Raqqa ដែលជាទីតាំងកងទ័ពសហរដ្ឋអាមេរិកនិងយុទ្ធជនរបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលដឹកនាំដោយជនជាតិឃឺតកំពុងប្រយុទ្ធជាមួយនិងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងតំបន់ជនបទនៃខេត្តនោះដែលប្រតិបត្តិការសង្គ្រាមទ្រង់ទ្រាយធំនឹងចាប់ផ្តើមនៅដើមខែក្រោយតែម្តង ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា