Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិលោកស្រី​​ស៊ូជី​​ប្តេជ្ញា​​កសាង​​សន្តិភាព​​ជានិរន្តរ

លោកស្រី​​ស៊ូជី​​ប្តេជ្ញា​​កសាង​​សន្តិភាព​​ជានិរន្តរ

មីយ៉ាន់ម៉ា៖ ប្រធាន​ក្រុមប្រឹក្សា​​​រដ្ឋមីយ៉ាន់ម៉ាលោក​ស្រីអ៊ុង សានស៊ូជី បានប្តេជ្ញា​បន្ត​ដើរទៅមុខ​ជាមួយនិង​ប្រជាជន​​​ដើម្បី​បង្កើតឡើង​នូវ​សហភាព​នៃសហព័ន្ធ​មួយ​ដែលមាន​សន្តិភាព​ជានិរន្តរ ។

លោកស្រីស៊ូជីបានធ្វើការ​កត់សម្គាល់​បែបនេះនៅក្នុង​សន្ទរកថា​តាមកញ្ចក់​ទូរ​ទស្សន៍​មួយ​ថា​កាលពីរាត្រី​ថ្ងៃព្រហស្បត្តិ៍ក្នុងអំឡុងពេល​កាន់តំណែង​មួយឆ្នាំ​ដំបូង​ក្នុង​ជួររដ្ឋាភិបាល​ដឹកនាំដោយបក្ស​​សម្ព័ន្ធ​ជាតិដើម្បីប្រជាធិបតេយ្យ​។

លោកស្រី​ស៊ូជី​បានសំដែងការ​អរគុណ​ដល់ប្រជាជនចំពោះការ​អត់ធ្មត់​និង​យោគ​យល់​របស់ពួកគាត់ដល់រដ្ឋាភិបាល​លោកស្រី​ក្នុងរយៈ​ពេលកាន់អំណាច​មួយ​ឆ្នាំ​ដំបូងនេះ ។

ទាក់ទង​នឹងស្នាដៃ​ដែលធ្វើឡើង​ដោយរដ្ឋាភិបាលបក្ស​លោកស្រី​កាលពី​ឆ្នាំទៅ​ លោកស្រី​បានថ្លែងថា​រដ្ឋាភិបាល​បាន​អនុម័ត​ច្បាប់​ដែលអាច​ផ្តល់នូវការការពារ​ដល់​ប្រជាជន​ ទន្ទឹមនិងនោះ​ក៏មានការ​លុបបំបាត់ចោល​ឬធ្វើវិសោធនកម្ម​ច្បាប់​ទាំងឡាយណា​ដែល​ប្រើដើម្បីគាបសង្កត់​ប្រជាជន​ ។

លោកបានបន្ថែមថា​ការបង្កើនខ្ទង់ចំណាយ​របស់រដ្ឋាភិបាល​គឺលើ​វិស័យ​សុខា​ភិបាល​ដែល​កំពុង​មានភាព​ប្រសើរឡើង​យ៉ាងលឿន​ដែលមាន​វិសាលភាព​រហូត​ដល់​ពិភពលោកទទួលស្គាល់ពីវឌ្ឍនភាព​របស់មីយ៉ាន់ម៉ាទៀតផង​។

លោកស្រី​ថែមទាំងបាន​អះអាងថា​រដ្ឋាភិបាលនឹងចាប់ផ្តើម​​ឆ្នាំទី២​ក្នុងអាណត្តិ​របស់លោកស្រី​ដោយ​ផ្តោត​សំខាន់​លើ​កិច្ចការ​​បង្កើតការងារ​ឲ្យ​ប្រជាជន​ ធ្វើឲ្យ​ប្រសើរឡើងនូវ​ប្រព័ន្ធ​ដឹកជញ្ជូននិង​បង្កើន​​ការ​ប្រតិបត្តិការ​លើ​ថាមពល​អគ្គិសនី​។

គួររំលឹក​ថា​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ដែលដឹកនាំដោយ​លោកស្រី អ៊ុង សានស៊ូជី ទទួលបានជ័យជំនះ​ផ្លុក​ទឹកផ្លុកដីក្នុងការ​បោះឆ្នោត​សកល​កាលពីឆ្នាំ​២០១៥ ហើយក្រោយមក​បក្សនេះ​បានបង្កើតរដ្ឋាភិបាល​ហើយ​ចាប់ផ្តើម​ដឹកនាំ​ប្រទេស​ចាប់ពីថ្ងៃទី១ខែមេសាតរៀងមក ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES