ភ្នំពេញ ៖ ពីរនាក់ប្តី-ប្រពន្ធរត់ទៅប្តឹងប៉ូលិសទាំងព្រឹក ខណៈដែលអស់សង្ឃឹមថាបាញ់បោកមិត្តភ័ក្រ អស់ម៉ូតូមួយគ្រឿង បន្ទាប់ពីស្គាល់រាប់អានគ្នា៥ឆ្នាំ ចាំថ្ងៃឆ្លៀតឱកាស ប្រើល្បិចសុំខ្ចីម៉ូតូមួយភ្លែត បែជាបាត់រហូត អស់២ថ្ថៃមិនឃើញវិលវិញ ទើបនាំគ្នារត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ។
ម្ចាស់ម៉ូតូជាឃនរងគ្រោះ ឈ្មោះ ឌី វ៉ាន់ដេត ប្រុស អយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ មានប្រពន្ធឈ្មោះ ចយ សុីថេ អាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិ ស្វាយ ឃុំគោកទ្រព្យ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ម៉ូតូដែលមិត្តភ័ក្រសង្ស័យឆបោក ជិះយកទៅបាត់ ម៉ាកហុងដា សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1BZ-9481 ។ រីឯមិត្តក្បត់មិត្ត គ្រាន់តែស្គាល់ឈ្មោះ ត្រា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាងផ្សារដែក ស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ស្រុកបារាយ ខេត្តកំពង់ធំ ។
បើតាមបុរសជាម្ចាស់ម៉ូតូបានឲ្យដឹងថា មិត្តភ័ក្រសង្ស័យក្បត់ រំលោភលើទំនុកចិត្តខាងលើ ស្គាល់រាប់អានគ្នា៥ឆ្នាំកន្លងមកហើយ ជាមួយគ្រួសាររបស់ខ្លួន ហើយកន្លងមក ក៏ធ្លាប់នាំគ្នាទៅលេងដល់ស្រុកកំណើត ឯខេត្តកំពង់ធំដែរ ធ្លាប់ទាំងបាយទឹកជាមួយគ្នា ទីបំផុតក្លាយជាមិត្តក្បត់ចិត្ត រំលោភលើទំនុកចិត្ត បន្ទាប់ពីប្រើល្បិចខ្ចីម៉ូតូជិះ ប្រាប់ថាទៅលេងផ្ទះជួលរបស់ម្តាយក្បែរនោះ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧កន្លងមក ។ បុរសខាងលើបានបន្តទៀតថា អ្វីដែល កាន់តែសង្ស័យ ពេលដែលទូរស័ព្ទ សួររកម៉ូតូ ត្រូវបានមិត្តទ្រុស្តមិត្ត ឆ្លើយប្រាប់ថា ជាប់រវល់ បងជួបគ្រោះថ្នាក់ចរាចរណ៍ សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត តែធាតុពិតជាការភូតកុហក់ ម្តាយ បងប្រុស របស់មិត្តខាងលើ ប្រាប់បញ្ជាក់ហើយ អត់មានកូន សាច់ញាតិរបស់គាត់ណាជួបបញ្ហាគ្រោះថ្នាក់ ឬដេកសម្រាកពេទ្យឡើយ ពេលដែលសួរនាំច្រើន បែជាមិត្តខាងលើ ផ្តាច់ប្រព័ន្ធទូរស័ព្ទចោលបាត់ ចុចលែងចូល ទង្វើរទាំងនេះ កាន់តែសង្ស័យច្បាស់ប្រាកដជាបោកប្រាស់ យកម៉ូតូទៅបាត់ហើយ លុះរហូតមកដល់ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ អស់សង្ឃឹមនឹងវិលវិញ ទើបសម្រេចចិត្តពីរនាក់ប្តីប្រពន្ធនាំគ្នាទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ ឲ្យជួយស្រាវជ្រាវ ៕