តំបន់អឺរ៉ុប៖ នាវាចម្បាំងមួយគ្រឿងរបស់អេស្ប៉ាញបានបើកចូលមកកាន់ដែនទឹកជម្លោះរបស់ប្រទេសជីប្រាល់តាកាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលដែលមានភាពតានតឹងរឹតតែខ្លាំងឡើងរវាងរដ្ឋាភិបាលក្រុងឡុងដ៍និងរៀលម៉ាឌ្រីដលើវាសនារបស់តំបន់នេះ។
ឧប្បត្តិហេតុនៃភាពតានតឹងនេះគឺពុំមានជារឿងធម្មតាឡើយ ពោលគឺវាបានកើតឡើងបន្ទាប់ពីមានការផ្ទុះឡើងដែលមិនអាចទប់បាននៃជម្លោះអំពីទឹកដីជីប្រាល់តាកាលពីសប្តាហ៍មុន នៅពេលដែលសហគមអឺរ៉ុបបាននិយាយថាអេស្ប៉ាញគួរតែវេតូនឹងពង្រីកកិច្ចការពាណិជ្ជកម្មមួយចំនួនជាមួយនិងទឹកដីនេះក្រោយពីអង់គ្លេសចាកចេញពីប្លុកអឺរ៉ុប ។
ដោយមានការបារម្ភថាអេស្ប៉ាញកំពុងព្យាយាមដណ្តើមយកគុណប្រយោជន៍អំពីការចាកចេញរបស់អង់គ្លេស ជីប្រាល់តាបានប្រតិកម្មខឹងយ៉ាងខ្លាំងហើយរដ្ឋាភិបាលក្រុងឡុងដ៍បានប្តេជ្ញាផ្តល់ការគាំទ្ររបស់ខ្លួនចំពោះទឹកដីមួយនេះដែលត្រូវបានប្រគល់ឲ្យចក្រភពអង់គ្លេសក្នុងអំឡុងឆ្នាំ១៧១៣ ប៉ុន្តែមានការទាមទារអស់រយៈពេលជាយូរមកហើយពីសំណាក់រដ្ឋាភិបាលក្រុងរៀលម៉ាឌី្រដ។
ជាមួយគ្រានេះដែររដ្ឋាភិបាលអេស្ប៉ាញបានសំដែងការភ្ញាក់ផ្អើលចំពោះការលើកឡើងរបស់អង់គ្លេស ចំណែកអ្នកចរចាការចាកចេញរបស់អង់គ្លេសពីអឺរ៉ុបលោក Michel Barnier បានជំរុញឲ្យក្រុងឡុងរក្សាការស្ងប់ចិត្តនិងចរចាគ្នា ។
កាលពីថ្ងៃអង្គារនាវាទ័ពជើងទឹកអេស្ប៉ាញបានបើកឆ្វែលយឺតៗឆ្ងាយពីដែនដីជីប្រាល់តាប្រមាណជា១ម៉ាយពីឆ្នេរសមុទ្ររបស់ជីប្រាល់តា ដែលជំរុញកងទ័ពជើងទឹករបស់អង់គ្លេសបញ្ជូនកម្លាំងចេញល្បាតនៅតំបន់នោះ ។
ចក្រភពអង់គ្លេសបានអះអាងថាដែនទឹក៣ម៉ាយជុំវិញជីប្រាល់តាជាទឹកដីរបស់ខ្លួនប៉ុន្តែអេស្ប៉ាញទាមទារថាតំបន់នោះជារបស់ខ្លួន ។
ទោះជាយ៉ាងណាអ្នកនាំពាក្យរដ្ឋាភិបាលជីប្រាល់តាបានលើកឡើងថាការលុកលុយខុសច្បាប់នាពេលនេះដែលធ្វើឡើងដោយនាវាចម្បាំងរបស់អេស្ប៉ាញគឺជាមធ្យោបាយមួយដែលល្មើសនឹងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា