ឧបទ្វីបកូរ៉េ៖ ទីភ្នាក់ងារព័ត៌មានយ៉ុងហាប់បានរាយការណ៍កាលពីថ្ងៃព្រហស្បត្តិ៍ថាកូរ៉េខាងត្បូងបានធ្វើតេស្តបាញ់សាកល្បងមីស៊ីលផ្លោងផលិតក្នុងស្រុករបស់ខ្លួនដោយជោគជ័យដោយមានប្រសិទ្ធភាពបាញ់ដល់ទឹកដីនៃផ្នែកណាមួយរបស់កូរ៉េខាងជើង។
ការធ្វើតេស្តសាកល្បងនេះបានកើតឡើងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរបស់ខ្លួនចូលសមុទ្រជប៉ុនដែលអ្នកវិភាគបានលើកឡើងថាជាការព្រមានដល់កិច្ចប្រជុំកំពូលនៅពេលខាងមុខរវាងចិននិងសហរដ្ឋអាមេរិក ស្របពេលការពន្លឿនកម្មវិធីអាវុធបរមាណូរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងត្រូវបានដាក់ជារបៀបវារៈធំជាងគេ។
កូរ៉េខាងត្បូងត្រូវបានការពារក្រោមស្លាកការពារសន្តិសុខរបស់សហរដ្ឋអាមេរិកហើយតំបន់នេះក៏ជាជម្រករបស់កងទ័ពសហរដ្ឋអាមេរិករាប់ពាន់នាក់ផងដែរ ។
តាមការបញ្ជាក់ពីសារព័ត៌មានយ៉ុងហាប់មីស៊ីលដែលកូរ៉េខាងត្បូងបាញ់សាកល្បងនោះមានសមត្ថភាពផ្លោងបានរយៈចម្ងាយ៨០០គីឡូម៉ែត្រអាចធ្វើឲ្យក្រុងព្យុងយ៉ាងញញើតផងដែរ ។ តាមការស្រង់សម្តីពីមន្ត្រីម្នាក់ឲ្យដឹងថាការបាញ់មីស៊ីលនេះគឺទទួលបានជោគជ័យ ។ ម្យ៉ាងមីស៊ីលនេះអាចគ្របដណ្តប់នៅលើដែនដីកូរ៉េខាងជើងទាំងមូលនៅពេលបានបាញ់ចេញពីកូរ៉េខាងត្បូង។
ដោយឡែកអ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងបានបដិសេធមិនធ្វើការអត្ថាធិប្បាយអ្វីឡើយជុំវិញករណីនេះ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា