សុីរី៖ តាមបណ្តាញព័ត៌មានបរទេសផ្សាយថាការវាយប្រហាររបស់រដ្ឋបាលលោកត្រាំលើមូលដ្ឋានអាកាសមួយរបស់រដ្ឋាភិបាលស៊ីរីគឺស្រដៀងគ្នានឹងផែនការណ៍ក្នុងការវាយប្រហារដែលលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាបានរៀបចំទុកកាលពីឆ្នាំ២០១៣ដូច្នោះដែរ គឺវាគ្រាន់តែការវាយប្រហាររបស់លោកអូបាម៉ាមានទ្រង់ទ្រាយធំជាងលោកត្រាំដល់ទៅ៣-៤ដងប៉ុណ្ណោះ ។
នៅគ្រោះនោះមេដឹកនាំមកពីបក្សសាធារណរដ្ឋរូបនេះបានចំអកឲ្យរដ្ឋបាលលោកអូបាម៉ាដោយហៅថាការវាយប្រហាររបស់លោកគឺមានលក្ខណៈតូចតាច និងគ្មានប្រសិទ្ធភាព។ តែនាពេលបច្ចុប្បន្នពួកគេបានលើកឡើងថាការវាយប្រហារក្រោមការដឹកនាំរបស់លោកត្រាំបែរជាមានទ្រង់ទ្រាយតូចជាងលោកអូបាម៉ាទៅវិញ ។
មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលលោកអូបាម៉ាដែលបានចូលរួមក្នុងកិច្ចពិភាក្សាពាក់ព័ន្ធនិងគម្រោងវាយប្រហារលើស៊ីរីបានឲ្យដឹងថា អ្វីដែលយើងបានកំណត់ក្នុងការគិតអំពីផែនការណ៍វាយកាលពីឆ្នាំ២០១៣គឺមានគោលដៅច្រើនជាងនេះទៅទៀតហើយក៏មានទ្រង់ទ្រាយធំជាងនេះដែរ ។
កាលពីថ្ងៃព្រហស្បត្តិ៍លោកត្រាំបានចេញបញ្ជាឲ្យកងទ័ពបាញ់មីស៊ីលប្រភេទ Tomahawk ចំនួន៥៩គ្រាប់ស្រោចលើមូលដ្ឋានទ័ពអាកាស Shayrat ដែលជាប្រភពដើមនៃការវាយប្រហារដោយអាវុធគីមីកាលពីថ្ងៃអង្គារសម្លាប់ជនស៊ីវិលជាច្រើននាក់ក្នុងខេត្ត Idlib ។
ជាមួយគ្នានោះដែរក្នុងសកម្មភាពយោធានេះលោកត្រាំបានពន្យល់ក្នុងលិខិតមួយផ្ញើទៅកាន់សភាជាតិកាលពីថ្ងៃសៅរ៍ថាការវាយប្រហារនេះមានគោលបំណងបន្ថយសមត្ថភាពយោធារបស់ស៊ីរីដែលដឹកនាំវាយប្រហារដោយអាវុធគីមីបន្ថែមទៀតហើយក៏ជាការរារាំងដល់លោក Assad ពីការប្រើប្រាស់អាវុធគីមីជាថ្មីផងដែរ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា