Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិកូរ៉េខាង​ជើង​​ចោទ​អាមេរិក​​បង្កើត​​ស្ថាន​ការណ៍​​​​សង្គ្រាម​នុយក្លេអែរ

កូរ៉េខាង​ជើង​​ចោទ​អាមេរិក​​បង្កើត​​ស្ថាន​ការណ៍​​​​សង្គ្រាម​នុយក្លេអែរ

UNឯកអគ្គរដ្ឋទូតរង​កូរ៉េខាងជើង​បាន​ចោទប្រកាន់​​រដ្ឋាភិបាលសហរដ្ឋអាមេរិក​កាលពីថ្ងៃច័ន្ទ​អំពីការ​​បង្វែរ​ស្ថានភាព​ឧបទ្វីបកូរ៉េ​ចូល​ទៅក្នុងចំណុច​ក្តៅគគុក​ធំជាងគេបំផុត​លើពិភពលោក ហើយថែមទាំងបង្កើត​នូវ​ស្ថានការណ៍​ដគ្រោះ​ថ្នាក់​ ​​ជា​សង្គ្រាម​បរមាណូ​អាច​ផ្ទុះឡើង​ក្នុងពេលណាមួយ​ក៏ថា​បានទៀតផង ។

​លោក Kim In Ryong បានថ្លែងក្នុងសន្និសិទកាសែតមួយ​ថា​ ប្រសិនជា​សហ​រដ្ឋ​អាមេរិក​ហ៊ាន​ជ្រើសយក​សកម្មភាព​យោធា​ណាមួយ​ កូរ៉េខាងជើង​គឺ​ត្រៀម​រួចជា​ស្រេច​ក្នុងការ​តបត​តាម​រូបភាព​នៃ​កលយុទ្ធ​សង្គ្រាម​ណាមួយ​​ដែល​​បង្ក​ឡើង​ដោយ​សហរដ្ឋអាមេរិក ។

លោកបានថ្លែងថា​ការដាក់ពង្រាយ​នាវា​ដឹកយន្តហោះចម្បាំងផ្ទុកនុយក្លេអែរ​ម៉ូដែល Carl Vinson របស់រដ្ឋបាលលោកត្រាំ​លើ​ដែនទឹក​នៃឧបទ្វីបកូរ៉េ​ជាថ្មី​ម្តងទៀត​នេះ​បង្ហាញឲ្យ​ឃើញ​អំពី​ការ​ព្រហើន​របស់សហរដ្ឋអាមេរិក​ក្នុង​ការ​ចល័ត​នាវា​ឈ្លានពាន​កូរ៉េខាងជើង​ដែលជា​ដំណាក់កាល​ដ៏​ធ្ងន់ធ្ងរមួយ​នៃ​សេណារីយ៉ូ​របស់ខ្លួន ។

លោក Kim បានសង្កត់ធ្ងន់ថា​ការ​ធ្វើសមយុទ្ធយោធា​រវាង​អាមេរិកនិងកូរ៉េខាង​ត្បូង​ដែលកំពុង​ធ្វើ​ឡើង​នាពេលបច្ចុប្បន្ន​គឺជាសមយុទ្ធ​ឈ្លានពាន​​ធំបំផុត​មិនធ្លាប់មាន​ដែលដាក់ទិសដៅ​លើ​ប្រទេសរបស់លោក​​(កូរ៉េខាងជើង) ។

ជាងនេះទៅទៀត​លោកបន្តថា​ស្ថានការណ៍​ធ្ងន់ធ្ងរ​ច្រំដែលៗ​នេះបង្ហាញ​ឲ្យ​ឃើញ​ជាថ្មីម្តងទៀតថា​កូរ៉េខាងជើង​បានត្រឹមតែបង្កើន​រាល់គ្រប់មធ្យោបាយ​នៃ​សមត្ថភា​ពយោធារបស់ខ្លួន​សម្រាប់​ការពារ​ខ្លួន​ឯង​និង​ត្រៀម​​ទុកជាមុន​ចំពោះ​ការ​វាយ​ប្រ​ហារ​ណាមួយ​ដែលកើតមានឡើងជាមួយនិង​កងកម្លាំង​នុយក្លេអែរ​​។

ភាពតានតឹង​បាន​ផ្ទុះ​រាលដាលរឹតតែខ្លាំងឡើង​មកលើ​កូរ៉េខាងជើង​តាមរយៈ​ការ​បង្កើន​ការ​អភិវឌ្ឍ​នូវ​អាវុធរបស់ខ្លួន​ ។ កូរ៉េខាងជើង​បាន​ដឹកនាំ​ធ្វើតេស្ត​បាញ់​អាវុធ​​នុយក្លេអែរ​ពីរគ្រាប់​និង​បាញ់​សាកល្បង​មីស៊ីល​ផ្លោង​ឆ្លងទ្វីប​២៤​គ្រាប់​កា​លពី​ឆ្នាំទៅ​​ដែលជាការ​បំពាន​នឹង​សេចក្តី​សម្រេច​ដាក់ទណ្ឌកម្ម​របស់​ក្រុម​ប្រឹ​ក្សា​សន្តិសុខ​ចំនួន​៦​ដែល​ហាមប្រមាន​រាល់ការ​ធ្វើ​តេស្ត​ណាមួយ​ក៏ដូចជា​ការ​បាញ់​មីស៊ីលណាមួយ​ក្នុងឆ្នាំនេះ ។

ចំណែក​ក្រសួងការ​បរទេស​កូរ៉េខាងជើង​បាន​ថ្លែងថា​ការបាញ់​មីស៊ីល​ទាំងនោះ​គឺជា​ផ្នែកមួយ​នៃ​នីតិវិធី​តាមធម្មតា​មួយ​នៃការ​​កសាង​នូវ​សេដ្ឋកិច្ច​និង​ការពារ​ជា​តិ​របស់​កូរ៉េខាងជើង​ ។ មន្ត្រី​ក្រសួង​ការបរទេស​លោក Kim Chang Min ក៏បាន​លើកឡើង​ផងដែរក្នុង​កិច្ចសម្ភាសន៍​ក្នុងទីក្រុងព្យុងយ៉ាង​​ថា​​​​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​និង​បណ្តាប្រទេស​ធំៗ​ចំនួន​៦​​មិនយក​ចិត្តទុក​ដាក់​ឬធ្វើ​មិនដឹង​មិនឭ​សោះ​ចំពោះ​ការ​បាញ់មីស៊ីល​របស់កូរ៉េខាងត្បូង​និង​ផ្កាយរណប​ស៊ើប​ការណ៍​របស់​ជប៉ុន ។

លោក Kim បានបញ្ជាក់ថា​នេះគឺជា​កំណត់​ស្តង់ដារពីរ​។ តើ​យើង​អាច​មានដៃគូ​សន្ទនា​ណាមួយ​ដើម្បីទទួលបានលទ្ធផល​ជាមួយ​និងអ្នកណាម្នាក់​ដែល​​ស្ថិតនៅក្នុង​ស្តង់ដារ​ទាំងពីរនេះដោយរបៀបណា ?

គួរកត់សម្គាល់ថា​​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Mike Pence បាន​ធ្វើ​ដំណើ​រ​ទៅកាន់​តំបន់​​ដកកងទ័ព​ដែល​បែងចែក​កូរ៉េទាំងពីរ​និង​បានព្រមានដល់​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង​​ថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យុគ​សម័យ​នៃការ​ប្រើយុទ្ធសាស្ត្រ​អត់ធ្មត់​គឺ​ហួស​ពេលហើយ ។ លោក Pence បានថ្លែងថា​ក្រោយ២៥ឆ្នាំ​នៃការ​ព្យាយាម​ដោះ​ស្រាយ​ដោយ​​ភាព​អំណត់​ជាមួយ​និង​មហិច្ឆតា​មីស៊ីលនិង​នុយក្លេអែរ​របស់​កូរ៉េខាងជើង​គ្រប់​ជម្រើសទាំងអស់​គឺដាក់នៅលើតុចរចា​ដើម្បី​ដោះស្រាយ​​ជា​មួយ​និងការ​គំរាមកំហែង ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES