ហ្វីលីពីន៖ ប៉ូលិសបានឲ្យដឹងនៅថ្ងៃអង្គារនេះថាមនុស្ស៧នាក់បានរងរបួសខណៈពេលមានការបំផ្ទុះគ្រាប់បែកពីរគ្រាប់នៅស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងដែលស្ថិតក្នុងក្រុងភាគខាងត្បូងប្រទេសហ្វីលីពីនក្បែរតំបន់ពួកឧទ្ទាមតាំងនៅ។
គ្រឿងផ្ទុះកែច្នៃមួយគ្រាប់ត្រូវបានគេគប់ក្រវែងលើដំបូលស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងក្នុងទីក្រុង Tacurong ដែលស្ថិតនៅលើកោះ Mindanao កាលពីរាត្រីថ្ងៃច័ន្ទ ។
អ្នកនាំពាក្យប៉ូលិសក្នុងតំបន់លោក Romeo Galgo បានឲ្យដឹងថាទាហានពីរនាក់ ប៉ូលិស៣នាក់និងជនស៊ីវិល២នាក់បានរងរបួសនៅពេលគ្រាប់ទី២បានផ្ទុះក្នុងអំឡុងពេលប៉ុន្មាននាទីក្រោយស្របពេលដែលកងកម្លាំងសន្តិសុខឡោមព័ទ្ធជុំវិញទីតាំងកើតហេតុនោះ ។
នៅគ្រានោះដែរជនសង្ស័យពីរនាក់ត្រូវបានឃាត់ខ្លួន ប៉ុន្តែអត្តសញ្ញាណនិងគោលបំណងរបស់ពួកគេក្នុងការវាយប្រហារនេះនៅតែស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។
លោក Galgo បានថ្លែងប្រាប់ AFP ថាយើងមិនអាចសន្និដ្ឋានបានឡើយថានេះគឺជាសកម្មភាពភេរវកម្ម ។ យើងកំពុងស្វែងរកនូវតម្រុយដែលបង្ហាញថាជាក្រុមគំរាមកំហែងក្នុងតំបន់ជុំវិញនេះពោលគឺសំដៅលើពួកឧទ្ទាមមូស្លីមក្នុងខេត្ត Maguindanao ។
ក្រុងក្បែរកន្លែងកើតហេតុជាទីលំនៅឈរជើងរបស់ពួកឧទ្ទាមកុម្មុយនិស្តដែលធ្វើសង្គ្រាមបំបែកខ្លួនអស់រយៈពេលយូរជាងគេបំផុតនៅតំបន់អាស៊ី ម្យ៉ាងទៀតឧប្បត្តិហេតុនេះអាចមានជាប់ពាក់ព័ន្ធនិងការកំហែងយកផងដែរ ។
ការផ្ទុះនេះបានកើតឡើងក្នុងផ្នែកមួយនៃកោះ Mindanao ដែលត្រូវបានរុកគួនដោយការធ្វើកុប្បកម្មរបស់ក្រុមមូស្លីមនិងឧក្រិដ្ឋកម្មទ្រង់ទ្រាយធំ។
គួរបញ្ជាក់ថាអង្គការឧទ្ទាមមូស្លីមធំជាងគេបំផុត Moro Islamic Liberation Front គឺស្ថិតក្នុងស្ថានការណ៍ចរចាសន្តិភាពជាមួយរដ្ឋាភិបាល ប៉ុន្តែក្រុមជនអន្ធពាលជ្រុលនិយមដទៃទៀតដែលបានប្តេជ្ញាភក្តីភាពចំពោះក្រុមរដ្ឋអ៊ីស្លាមបានអនុវត្តការបំផ្ទុះគ្រាប់បែកនិងចាប់ជម្រិត។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា