រុស្ស៊ី៖ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋបង្ហាញថារុស្ស៊ីបានចាប់ផ្តើមធ្វើតេស្តអាវុធរបស់យន្តហោះចម្បាំងបំបាំងកាយជំនាន់ថ្មីទី៥របស់ខ្លួនដែលគ្រោងនឹងបញ្ចប់ការពិសោធន៍ពីអានុភាពរបស់វាក្នុងឆ្នាំ២០១៧នេះតែម្តង ។
យន្តហោះចម្បាំងបំបាំងកាយម៉ូដែល Sukhoi T-50 ក៏យកលំនាំតាមយន្តហោះ PAK FA ផងដែរដែលនឹងត្រូវបានរចនាឡើងដោយមានសមត្ថភាពប្រហាក់ប្រហែលគ្នានឹងអ្នកប្រយុទ្ធដែនអាកាស Eurofighter Typhoon និង Lockheesd Martin F-22 Raptor ។
អនុប្រធានសមាគមឧស្សាហកម្មយន្តហោះនិងជាអនុប្រធានផ្នែកស្រាវជ្រាវរបស់រុស្ស៊ីលោក Oleg Chizhevsky បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន TASS ដោយរំពឹងថាការធ្វើតេស្តគ្រាប់រំសេវឬអាវុធសម្រាប់បំពាក់លើយន្តហោះបំបាំងកាយជំនាន់ថ្មីនេះនឹងត្រូវបានបញ្ចប់ក្នុងពេលដ៏ខ្លី។
លោកលើកឡើងថាយើងមានក្តីរំពឹងថាការធ្វើតេស្តសាកល្បងជាផ្លូវការសម្រាប់កាំភ្លើងធំរបស់ T-50 នឹងត្រូវបានបញ្ចប់ដោយជោគជ័យក្នុងឆ្នាំនេះ ។
មួយវិញទៀតនៅពេលគម្រោងនេះត្រូវបានបញ្ចប់ជាស្ថាពរ រុស្ស៊ីនឹងបំបែកកំណត់ត្រាយន្តហោះចម្បាំងជំនាន់ទី៥ដ៏មានប្រសិទ្ធភាពក្នុងសមរភូមិដែលបច្ចុប្បន្នកាន់កាប់តំណែងនេះដោយយន្តហោះបំបាំងកាយសហរដ្ឋអាមេរិក F-22 ។ ទន្ទឹមនិងនេះមន្ទីរប៉ង់តេហ្គូនក៏ធ្វើការអភិវឌ្ឍន៍ចុងក្រោយនូវយន្តហោះចម្បាំងជំនាន់ទី៥ទី២របស់ខ្លួន F-35 Lightning II ផងដែរ ។
បច្ចុប្បន្ន F-35A ដែលប្រតិបត្តិការដោយកងកម្លាំងជើងអាកាសសហរដ្ឋអាមេរិកថ្មីៗនេះបានចេញដំណើរតាមប្រតិបត្តិការដាក់ពង្រាយលើកដំបូងនៅតំបន់អឺរ៉ុប ។
ទោះជាយ៉ាងណាសេតវិមានគ្រីមលីនរុស្ស៊ីបានបង្ហើបថាខ្លួនគ្រោងនឹងបង្ហាញវត្តមានយន្តហោះប្រយុទ្ធ PAK FA ចំនួន៥ក្នុងពេលណាមួយក្នុងឆ្នាំ២០១៧នេះ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា