ថៃ៖ មន្ត្រីយោធាបានឲ្យដឹងនៅថ្ងៃព្រហស្បត្តិ៍នេះថាសមាជិកក្រុមសកម្មប្រយុទ្ធ២នាក់ត្រូវបានសម្លាប់ក្នុងការញ៉ាំញីដោយអំពើហិង្សាយ៉ាងពន់ពេកក្នុងតំបន់ភូមិភាគខាងត្បូងរបស់ប្រទេសថៃ បន្ទាប់ពីគ្រាប់បែកមួយដែលពួកគេបាននិងកំពុងដឹកជញ្ជូនបានផ្ទុះឡើងមុនពេលកំណត់ ។
ការស្លាប់របស់ពួកគេបានកើតឡើងក្នុងអំឡុងពេលរាត្រីកើតហិង្សានៅតំបន់មួយដែលវឹកវរអស់រយៈពេលជាងមួយទសវត្សរ៍ស្របពេលដែលពួកឧទ្ទាមជនជាតិភាគតិច Malay បានប្រយុទ្ធគ្នាជាមួយកងទ័ពថៃដើម្បីស្វែងរកស្វ័យភាពពីថៃ។
លោកវរសេនីយ៍ឯក Yutanam Petchmoang អ្នកនាំពាក្យរងកងទ័ពភូមិភាគខាងត្បូងថៃបានថ្លែងថាយុទ្ធជនពីរនាក់របស់ពួកបះបោរបានស្លាប់បាត់បង់ជីវិតខណៈពេលដែលដឹកជញ្ជូនគ្រឿងផ្ទុះក្នុងស្រុក Sabayoi ខេត្ត Songkla ។
លោកបានបន្ថែមថាអ្នកទាំងពីរបានជិះម៉ូតូមួយគ្រឿង ហើយបើតាមរបាយការណ៍ពួកជាយុទ្ធជនក្នុងស្រុកដែលយល់ចិត្តថ្លើមគ្នាទៀតផង ។
ប្រភពបន្តថាពួកបះបោរទាំងនេះបានបើកការបាញ់ប្រហារដោយកាំភ្លើងនិងគ្រាប់បែកដៃនៅតំបន់ Deep South កាលពីរាត្រីថ្ងៃពុធដែលមានឧប្បត្តិដាច់ដោយឡែក១៣ផ្សេងៗគ្នាត្រូវបានគេរាយការណ៍ ។ ជាមួយគ្នានោះដែរពុំមានអ្នកណាម្នាក់ត្រូវបានសម្លាប់ឡើយក្នុងការវាយប្រហារនេះ ប៉ុន្តែមនុស្ស៥នាក់រងរបួសស្រាល។
គួរបញ្ជាក់ថាជនជាតិភាគតិច Malay នៅខេត្តព្រំដែនភាគខាងត្បូងរបស់ថៃដែលជាអតីតពួកស៊ូលតង់មូស្លីមត្រូវបានបញ្ចូលគ្នាជាជនជាតិថៃដោយរដ្ឋាភិបាលក្រុងបាងកកអស់រយៈពេលជាងមួយសតវត្សរ៍មកហើយ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា