កូរ៉េខាងជើង៖ កូរ៉េខាងជើងបានផ្តល់ឲ្យសហរដ្ឋអាមេរិកនិងនាវាដឹកយន្តហោះចម្បាំង USS Carl Vinson របស់ប្រទេសនេះនូវការគំរាមមួយដែលចេញផ្សាយនៅកាសែតគាំទ្រដោយរដ្ឋ Rodong Sinmun ថាខ្លួនអាចនឹងបាញ់ពន្លិចនាវាចម្បាំងទាំងនោះ ។
តាមវិចារណកថាដែលបានសរសេរនៅលើកាសែតខាងលើ បក្សពលករដែលកាន់អំណាចនៅកូរ៉េខាងជើងបានថ្លែងថា កងកម្លាំងបដិវត្តន៍របស់យើងកំពុងត្រៀមខ្លួនប្រយុទ្ធរួចជាស្រេចក្នុងការបាញ់ពន្លិចនាវាផ្ទុកយន្តហោះចម្បាំងដែលប្រើថាមពលនុយក្លេអែរដោយការវាយប្រហារត្រឹមតែមួយគ្រាប់ប៉ុណ្ណោះ ។
កាលពីថ្ងៃអាទិត្យនាវា USS Carl Vinson បានចាប់ផ្តើមធ្វើសមយុទ្ធយោធាក្នុងសមុទ្រហ្វីលីពីនជាមួយនិងដៃគូខ្លួនគឺនាវាពិឃាតជប៉ុនមួយគ្រឿង ។
កាលពីសប្តាហ៍មុនមន្ទីរប៉ង់តេហ្គូនបានប្រកាសថានាវាចម្បាំងសហរដ្ឋអាមេរិកនឹងនៅតែដាក់ពង្រាយក្នុងតំបន់ដដែលយ៉ាងតិចរយៈពេល៣០ថ្ងៃទៀត ដើម្បីផ្តល់នូវវត្តមានយូរអង្វែងក្នុងដែនទឹកនៃឧបទ្វីបកូរ៉េ ។
ជាមួយគ្នានោះដែរកូរ៉េខាងជើងបានព្រមានអូស្ត្រាលីថា ខ្លួនអាចនឹងវាយប្រហារលើប្រទេសមួយនេះដោយអាវុធនុយក្លេអែរ ប្រសិនជាអូស្ត្រាលីនៅតែជាសម័ន្ធមិត្តមួយរបស់សហរដ្ឋអាមេរិកដដែល។
មួយវិញទៀតកាលពីថ្ងៃអាទិត្យ មានបណ្តាញព័ត៌មានមួយចំនួនបានរាយការណ៍ថាជនជាតិកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកត្រូវបានឃាត់ខ្លួននៅក្នុងព្រលានយន្តហោះអន្តរជាតិក្រុងព្យុងយ៉ាង ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា