ឧបទ្វីបកូរ៉េ៖ ជនជាតិអាមេរិកាំងដើមកំណើតកូរ៉េវ័យ៥០ឆ្នាំម្នាក់ត្រូវបានឃាត់ខ្លួនដោយអាជ្ញាធរកូរ៉េខាងជើងនៅអាកាសយានដ្ឋានអន្តរជាតិក្រុងព្យុងយ៉ាង ។ បុរសម្នាក់នោះត្រូវបានគេស្គាល់អត្តសញ្ញាណតាមរយៈនាមត្រកូលរបស់គាត់តែប៉ុណ្ណោះ ហើយចំពោះហេតុផលឈានទៅដល់ការចាប់ខ្លួនលោកមិនត្រូវបានគេដឹងថាយ៉ាងណានៅឡើយទេ ។
ប្រមុខបេសកកម្មការទូតរងប្រចាំស្ថានទូតស៊ុយក្នុងប្រទេសកូរ៉េខាងជើងលោក Martina Aberg បានថ្លែងប្រាប់ CNN ថាបុរសជនជាតិអាមេរិកាំងខាងលើនេះត្រូវបានរារាំងមិនឲ្យហោះហើរចាកចេញពីក្រុងព្យុងយ៉ាងឡើយ ។ យើងមិនធ្វើការអធិប្បាយលើសពីនេះឡើយ ។
កាលពីប៉ុន្មានខែមុននេះការឃាត់ខ្លួនជនជាតិអាមេរិកាំងដើមកំណើតដែលមានវ័យជាង៥០ឆ្នាំនោះគឺគាត់មានជាប់ពាក់ព័ន្ធនៅក្នុងកម្មវិធីជំនួយក្នុងប្រទេសកូរ៉េខាងជើង ។
គាត់កាលពីមុនធ្លាប់បម្រើការជាសាស្ត្រាចារ្យមួយរូបនៅសាកលវិទ្យាល័យ Yanbian ក្នុងប្រទេសចិន ។
ការចាប់ខ្លួននេះបានកើតឡើងកាលពីថ្ងៃសៅរ៍ ក្នុងពេលដែលមានការកើនឡើងនូវភាពតានតឹងក្នុងតំបន់ ។ ទាំងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានសំដែងការមិនសប្បាយចិត្តចំពោះការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើងហើយថែមទាំងបន្តកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍អាវុធនុយក្លេអែរទៀតផង ។
កាលពីដើមខែនេះអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence បានហៅ ការបង្កហេតុតាមរយៈការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើងថាជាការបរាជ័យមួយ ។ ទីប្រឹក្សាសន្តិសុខជាតិលោកឧត្តមសេនីយ៍ត្រី H.R. McMaster បានថ្លែងបញ្ហានៃមហិច្ឆិតាយោធារបស់កូរ៉េខាងជើងនឹងមកដល់នាពេលខាងមុខ ។
កងកម្លាំងអាមេរិកនិងជប៉ុនថ្មីៗនេះកំពុងដឹកនាំធ្វើសមយុទ្ធរួមគ្នាក្នុងតំបន់ក្បែរសមុទ្រហ្វីលីពីន ។
គួរបញ្ជាក់ថាជនជាតិអាមេរិកាំងខាងលើនេះជាអ្នកទី៣ហើយដែលត្រូវបានអាជ្ញាធរកូរ៉េខាងជើងចាប់ខ្លួនបច្ចុប្បន្នស្ថិតក្នុងពន្ធនាគារកូរ៉េខាងជើង ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា