ឧបទ្វីបកូរ៉េ៖ គេហទំព័រផ្លូវការមួយរបស់កូរ៉េខាងជើងបានព្រមាននៅថ្ងៃច័ន្ទនេះថារដ្ឋាភិបាលក្រុងព្យុងយ៉ាងនឹងបោសសម្អាតឬកម្ចាត់សហរដ្ឋអាមេរិកចោលប្រសិនជាក្រុងវ៉ាស៊ីនតោនចាប់ផ្តើមសង្គ្រាមនៅលើឧបទ្វីបកូរ៉េ វាជាការបញ្ជូនសារថ្មីមួយក្នុងពេលភាពតានតឹងក្នុងតំបន់កំពុងកើនឡើង។
អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence បានថ្លែងកាលពីថ្ងៃសៅរ៍ថានាវាដឹកយន្តហោះចម្បាំងសហរដ្ឋអាមេរិក Carl Vinson នឹងទៅដល់ក្នុងដែនទឹកនៃឧបទ្វីបកូរ៉េក្នុងថ្ងៃដែលមានបញ្ហា ក្នុងពេលមានរបាយការណ៍ថាកូរ៉េខាងជើងនឹងរៀបចំធ្វើតេស្តនុយក្លេអែរទី៦របស់ខ្លួន ។
រដ្ឋាភិបាលក្រុងព្យុងយ៉ាងនៅតែត្រូវបានគេជឿជាក់ថាស្ថិតនៅគម្លាតឆ្ងាយពីការឈានដល់ការសម្រេចបានតាមគោលដៅរបស់ខ្លួនចំពោះការផលិតមីស៊ីលអាចបាញ់ដល់ទឹកដីសហរដ្ឋអាមេរិក ប៉ុន្តែប្រជាជាតិមួយនេះបានក្រោតខឹងយ៉ាងខ្លាំងតាមរយៈការបញ្ចេញវោហារសាស្ត្ររបស់ខ្លួនក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះនិងបានអនុវត្តការធ្វើតេស្តគ្រាប់រុក្កែតពីរគ្រាប់ក្នុងពេលតែមួយខែ ។
ទោះជាយ៉ាងណានៅក្នុងព្រឹត្តិការណ៍នៃការវាយប្រហារក្នុងអំឡុងពេលថ្មីៗនេះ កូរ៉េខាងជើងបានថ្លែងថាពិភពលោកនឹងមើលឃើញថាតើសហរដ្ឋអាមេរិកត្រូវបានកម្ចាត់ចោលឬបោសសម្អាតពីផែនដីដោយរបៀបណា ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា