ឧបទ្វីបកូរ៉េ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានទូរស័ព្ទចូលទៅកាន់ប្រធានាធិបតីចិនលោកស៊ី ជីនពីង ស្របពេលដែលកូរ៉េខាងជើងបានបង្កើនការគំរាមដោយប្រើពាក្យសំដីជាការឆ្លើយតបនឹងការដាក់ពង្រាយនាវាផ្ទុកយន្តហោះចម្បាំងខ្នាតយក្ស Carl Vinson ទៅកាន់ឧបទ្វីបកូរ៉េ ។
ការសន្ទនាតាមទូរស័ព្ទនេះគឺជាកិច្ចសន្ទនារយៈពេលយូរលើកទី៣ហើយរវាងលោកត្រាំនិងលោកស៊ីដែលបានធ្វើឡើងចាប់តាំងពីមេដឹកនាំទាំងពីរបានប្រារព្ធកិច្ចប្រជុំកំពូលលើកដំបូងនៅអគារ Mar-a-Lago របស់លោកត្រាំដែលស្ថិតក្នុងទីក្រុង Palm Beach រដ្ឋផ្លរីដា ។
កាសែត South China Morning Post បានរាយការណ៍ថាលោកត្រាំអាចហៅទូរស័ព្ទទៅកាន់លោកស៊ីដោយសារតែការកើនឡើងនៃក្តីបារម្ភថាក្រុងព្យុងយ៉ាងអាចធ្វើតេស្តអាវុធនុយក្លេអែរគ្រាប់ទី៦របស់ខ្លួនក្នុងការរំលឹកខួបទី៨៥នៃការបង្កើតកងទ័ពប្រជាជនកូរ៉េនៅថ្ងៃអង្គារនេះ ។
មេដឹកនាំទាំងពីរដែលបានរក្សានូវទំនាក់ទំនងស្និទ្ធស្នាលគ្នាចាប់តាំងពីជំនួបលើកដំបូងរបស់អ្នកទាំងពីរដែលងាកឆ្ងាយពីការរិះគន់ ។
លោកស៊ីក៏បានបន្ទរពីការបង្កើតនូវសេចក្តីថ្លែងការណ៍តាមធម្មតាអំពីការស្វែងរកដំណោះស្រាយក្នុងបញ្ហានុយក្លេអែរតាមរយៈន័យសន្តិភាពដែលជំនួសដោយការអំពាវនាវដល់គ្រប់ភាគីទទួលយកនូវការទទួលខុសត្រូវរបស់ពួកគេ ។ ពោលគឺការធ្វើកិច្ចការជាមួយគ្នាក្នុងសម្រួលឬបន្ធូរបន្ថយភាពតានតឹងនិងជួយដល់ក្រុងព្យុងយ៉ាងជ្រើសរើសនូវការបោះជំហានទៅរកការហាមឃាត់នុយក្លេអែរ ។
ទាំងលោកត្រាំនិងលោកអនុប្រធានាធិបតី Mike Pence បានថ្លែងថាគ្រប់ជម្រើសទាំងអស់គឺស្ថិតនៅលើតុចរចាដែលពាក់ព័ន្ធនឹងកូរ៉េខាងជើងក្នុងករណីវាយប្រហារមួយ ។ រដ្ឋបាលលោកត្រាំក៏បានឲ្យសញ្ញាថាសម័យកាលនៃយុទ្ធសាស្ត្រអត់ធ្មត់ដែលជាឥរិយាបទរដ្ឋបាលលោកអូបាម៉ាគឺហួសសម័យហើយ ។
យោងតាមបណ្តាញព័ត៌មានចិនស៊ីនហួរលោកស៊ីបានថ្លែងថាយើងបានធ្វើឲ្យប្រសើរឡើងនូវការយល់យោគគ្នា ហើយខ្ញុំបានបង្កើតឡើងនូវទំនាក់ទំនងការងារល្អជាមួយនិងលោកត្រាំ ។ ជាងនេះទៅទៀតលោកបានសម្លឹងឆ្ពោះទៅមុខអំពីផែនការណ៍ទស្សនកិច្ចផ្លូវរដ្ឋរបស់ត្រាំទៅកាន់ប្រទេសចិន ។ ចិនបានសម្រេចចិត្តប្រឆាំងនិងការរំលោភបំពានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហើយរំពឹងគ្រប់ភាគីនឹងបញ្ឈប់ការបញ្ចេញកម្លាំងកាយហើយចៀសវាងការផ្លាស់ប្តូរដែលអាចធ្វើឲ្យកាន់តែធ្ងន់ធ្ងរឡើងនៃភាពតានតឹងលើឧបទ្វីបកូរ៉េ ។
ចិនបានយល់ព្រមតាមសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍មួយដោយសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុននៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងការថ្កោលទោសការបាញ់មីស៊ីលថ្មីបំផុតរបស់កូរ៉េខាងជើង ។
ទោះជាយ៉ាងណាអ្នកជំនាញបានថ្លែងថាកូរ៉េខាងជើងអាចមានលទ្ធភាពដឹកនាំធ្វើតេស្តនុយក្លេអែរគ្រាប់ទី៦របស់ខ្លួន ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា