អាមេរិក៖ យោងតាមរបាយការណ៍ថ្មីមួយឲ្យដឹងថាកងទ័ពជើងអាកាសសហរដ្ឋអាមេរិកនឹងធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីបដែលមានបំពាក់ក្បាលគ្រាប់នុយក្លេអែរដោយបាញ់ចេញពីរដ្ឋកាលីហ្វ័រនីញ៉ានៅថ្ងៃពុធនេះ ។
គេហទំព័រនយោបាយអាមេរិក The Washington Examiner បានថ្លែងកាលពីថ្ងៃអង្គារថាការកំណត់កាលបរិច្ឆេទនៃការធ្វើតេស្តសាកល្បងមីស៊ីល Minuteman III គឺកើតឡើងក្នុងពេលដែលមានការកើនឡើងនៃភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើង ។
អ្នកនាំពាក្យទីបញ្ជាការទទួលបន្ទុកវាយប្រហារពិភពលោករបស់កងកម្លាំងជើងអាកាសសហរដ្ឋអាមេរិកបានថ្លែងប្រាប់បណ្តាញព័ត៌មានខាងលើថាព្រឹត្តការណ៍នេះត្រូវបានគេរៀបចំឡើងក្នុងឆ្នាំ២០១៧ស្របតាមការអភិវឌ្ឍជឿនលឿនហើយពុំទាក់ទងនឹងបញ្ហាកូរ៉េខាងជើងឡើយ ។ កងទ័ពជើងអាកាសសហរដ្ឋអាមេរិកបានថ្លែងថាការបាញ់សាកល្បងនេះនឹងចេញពីមូលដ្ឋានទ័ពអាកាស Vandenberg ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ។
គេហទំព័រ The Examiner បានឲ្យដឹងទៀតថាទីបញ្ជាការប្រតិបត្តិការវាយប្រហារពិភពលោកនឹងពិនិត្យពិច័យលើការធ្វើតេស្តសាកល្បងនេះ ដែលនេះមានន័យថាជាការបង្អួតអំពីសមត្ថភាពនុយក្លេអែររបស់សហរដ្ឋអាមេរិក ។
តាមសេចក្តីថ្លែងការណ៍មួយឲ្យដឹងថាការបាញ់មីស៊ីល Minuteman នេះគឺមានសារសំខាន់ក្នុងការបង្ហាញឲ្យឃើញពីកម្រិតនៃកម្លាំងនុយក្លេអែររបស់ជាតិនិងការឆ្លុះបញ្ចាំងពីសមត្ថភាពនុយក្លេអែររបស់សហរដ្ឋអាមេរិកទៀតផង ។
មីស៊ីលផ្លោងឆ្លងទ្វីបនេះធ្លាប់បានធ្វើតេស្តសាកល្បងរួចមកហើយកាលពីខែកុម្ភះជាមួយនិងការសាកល្បងអាវុធប្រភេទនេះប្រចាំឆ្នាំរបស់ខ្លួន។ ជាមួយគ្នានោះដែរគេបានកត់សម្គាល់ថានាវាមុជទឹករបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកនឹងមកដល់កូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ ស្របពេលដែលកូរ៉េខាងជើងព្យាយាមធ្វើតេស្តបាញ់មីស៊ីលប៉ុន្តែបរាជ័យ។
ទោះយ៉ាងណាតាមដែលគេដឹងមកថាលោកប្រធានាធិបតីដូណាល់ ត្រាំ បានជំរុញឲ្យប្រធានាធិបតីចិនលោកស៊ី ជិនពីង ជួយបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា