Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិចិន​បង្អួត​​រូបឆោម​​នាវា​ផ្ទុកយន្តហោះ​ចម្បាំង​​ផលិត​ខ្លួនឯង​​លើកដំបូង

ចិន​បង្អួត​​រូបឆោម​​នាវា​ផ្ទុកយន្តហោះ​ចម្បាំង​​ផលិត​ខ្លួនឯង​​លើកដំបូង

ចិន៖ ​ចិន​បាន​ដាក់បង្ហាញនូវ​នាវាផ្ទុកយន្តហោះ​ចម្បាំង​ទី​១​របស់ខ្លួន​ដែល​ផលិត​ឡើង​ក្នុង​ស្រុក​ទាំងស្រុង​ដោយ​អ្នកជំនាញ​ឬអ្នកឯកទេសចិន ដើម្បី​បង្អួត​ពី​ភាព​រីក​ចំរើន​ជឿនលឿន​ផ្នែកបច្ចេកទេស​ដ៏ឆ្លាតវៃ​នៃ​ឧស្សាហកម្មការពារ​ជាតិ​របស់ខ្លួ​ន​​និង​ដើម្បី​​​​កំណត់ពីការ​ប្តេជ្ញាចិត្ត​ការពារ​សន្តិសុខ​នៅក្នុង​ដែនទឹក​ដែល​​ចិន​បានអះអាង​នៅ​សមុទ្រ​ចិនខាងត្បូង ។

ការអភិវឌ្ឍ​នាវា​ផ្ទុកយន្តហោះចម្បាំង​ដ៏ថ្មីសន្លាងនេះ​បានចាប់ផ្តើម​ឡើង​ក្នុង​អំ​ឡុ​ង​​ឆ្នាំ​២០១៣ ហើយ​ការសាងសង់​គឺនៅ​ចុងឆ្នាំ​២០១៥នេះតែម្តង ។ នាវា​នេះ​ត្រូវ​បានគេរំពឹងថា​​​ចេញបំពេញបេសកកម្ម​នៅពេលណាមួយ​មុន​ឆ្នាំ​២០២០​ បន្ទាប់​ពី​ការ​សាកល្បង​លើ​ដែនសមុទ្រ​។

អនុប្រធាន​គណៈកម្មការ​យោធាកណ្តាល​​និង​សមាជិក​គណៈកម្មការ​កណ្តាល​បក្ស​កុម្មុយនិស្តចិនលោក Fan Changlong ​បានធ្វើ​ជា​អធិបតី​ក្នុងការ​ដាក់​បង្ហាញ​​នាវា​ដ៏ថ្មីសន្លាងនេះ​ដែល​វា​ត្រឹមតែ​៣ថ្ងៃប៉ុណ្ណោះ​បន្ទាប់ពី​ការប្រារព្ធខួប​នៃការ​បង្កើត​កងទ័ព​រំដោះ​ប្រជាជន​ចិន​ក្នុង​ឆ្នាំ​១៩៤៩ ។

នាវា​ដ៏ថ្មីសន្លាងនេះ​ដូចគ្នានឹង​នាវា​ Liaoning ចំណុះ​៦ម៉ឺនតោន​ដែលបាន​ទិញ​ពី​ប្រទេស​អ៊ុយក្រែន​ដែរ ប៉ុន្តែវា​ផលិតឡើង​ដោយ​យក​លំនាំ​តាម​ការរចនាម៉ូដ​របស់​នាវា​ប្រភេទ Soviet Kunznetsov Class  ។ នាវានេះ​ត្រូវបានកំណត់ការផ្ទុកទម្ងន់​ឬ​សមត្ថភាព​ផ្ទុកយន្តហោះចម្បាំង​របស់ខ្លួន​​ ល្បឿនរបស់វា​និងការ​ចំណាយ​ពេល​នៅ​លើសមុទ្រ​គឺមិនចាញ់​នាវា​ប្រើថាមពលនុយក្លេអែរ​របស់អាមេរិកឡើយ ។

យោងតាមរបាយការណ៍ចិន​នាវា​ដ៏ទំនើបនឹងថ្មីសន្លាងនេះ​នៅមិនទាន់បានដាក់​ឈ្មោះនៅឡើយទេ វានឹង​មានសមត្ថភាពផ្ទុក​យន្តហោះចម្បាំង​Shenyang J-15 ចំនួន​២៤គ្រឿង​ ឧទ្ធម្ភាគចក្រ​បំពាក់អាវុធប្រឆាំងនាវា​មុជទឹក​១២គ្រឿង​

មួយវិញទៀត​នាវាថ្មីនេះ​គឺជាផ្នែកមួយនៃមហិច្ឆិតានៃការ​ពង្រីក​កងទ័ពជើងទឹក​ចិន​ដែលគ្រោងនឹង​មាន​នាវាចម្បាំងនាវា​មុជទឹក និងនាវាដឹកជញ្ជូន​សរុប​២៦៥​ដល់​២៧៣គ្រឿង នៅឆ្នាំ​២០២០ នេះបើតាម​មជ្ឈមណ្ឌលវិភាគកងទ័ព​ជើងទឹក​អាមេរិកបានបង្ហើប ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES