អាមេរិក៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson បានថ្លែងកាលពីថ្ងៃព្រហស្បត្តិ៍ថាចិនបានគំរាមដាក់ទណ្ឌកម្មកូរ៉េខាងជើងប្រសិនជាប្រទេសនេះនៅតែធ្វើតេស្តនុយក្លេអែរតទៅទៀត ។
លោក Tillerson បានថ្លែងនៅលើបណ្តាញព័ត៌មាន Fox News ថាយើងដឹងមកហើយថាចិនមានទំនាក់ទំនងជាមួយនិងរបបក្រុងព្យុងយ៉ាង ។ ពួកគេបានអះអាងចំពោះយើងថាពួកគេបានស្នើទៅកាន់រដ្ឋាភិបាលក្រុងព្យុងយ៉ាងកុំឲ្យធ្វើតេស្តនុយក្លេអែរថែមទៀត ។
ប្រមុខការទូតរូបនេះបន្តថាចិនថែមទាំងបានប្រាប់សហរដ្ឋអាមេរិកថាខ្លួនបានប្រាប់កូរ៉េខាងប្រសិនជាពួកគេដឹកនាំធ្វើតេស្តនុយក្លេអែរតទៅទៀត ចិននឹងចាត់វិធានការណ៍នៃសកម្មភាពដាក់ទណ្ឌកម្មផ្ទាល់លើកូរ៉េខាងជើង ។
កាលពីថ្ងៃព្រហស្បត្តិ៍សប្តាហ៍មុន មន្ត្រីប្រតិបត្តិការយោធាជាន់ខ្ពស់នៅបរទេសប្រចាំតំបន់ប៉ាស៊ីហ្វិករបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានថ្លែងថាវិបត្តិជាមួយនិងកូរ៉េខាងជើងគឺស្ថិតក្នុងចំណុចដ៏អាក្រក់បំផុតដែលលោកធ្លាប់បានសង្កេតឃើញ ប៉ុន្តែលោកបានបដិសេធក្នុងការប្រៀបធៀបស្ថានការណ៍ក្នុងវិបត្តិមីស៊ីលគុយបាអស់រយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ។
ចំណែកក្រសួងការបរទេសចិនភ្លាមៗនេះមិនបានធ្វើអត្ថាធិប្បាយអ្វីជុំវិញការកត់សម្គាល់របស់លោក Tillerson អំពីការដាក់ទណ្ឌកម្មថ្មីឡើយ ប៉ុន្តែអ្នកនាំពាក្យក្រសួងលោក Geng Shuang បានថ្លែងថាក្រុងប៉េកាំងនៅតែប្តេជ្ញាចិត្តក្នុងការអនុវត្តការដាក់ទណ្ឌកម្មតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ លោកបានបន្តថាហេតុផលដែលចិនប្រតិបត្តិទាក់ទងនិងសេចក្តីសម្រេចនេះគឺដើម្បីបំពេញនូវកាតព្វកិច្ចរបស់យើងជាជាងត្រូវបានដាក់សម្ពាធពីភាគីខាងក្រៅ ។
គួរបញ្ជាក់ថាចិនបានអំពាវនាវយ៉ាងមុតមាំចំពោះការបញ្ចប់កម្មវិធីអាវុធនុយក្លេអែររបស់កូរ៉េខាងជើងប៉ុន្តែខ្លួនបានជំទាស់ជាឯកតោភាគីនឹងការដាក់ទណ្ឌកម្មដោយគ្មានសេចក្តីសម្រេចរបលស់អង្គការសហប្រជាជាតិ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា